សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល រោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីពេទ្យកាល់ម៉ែត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល រោងជាង និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា “ពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគារបន្ថែមចំនួន០៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និង អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ដែលជា ការធ្វើនវានុវត្តន៍ការផ្តល់សេវាសុខភាព របស់មន្ទីរពេទ្យកាល់ម៉ែត ស្របតាមចក្ខុវិស័យ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ និងគោលនយោបាយ ព្រមទាំងអាទិភាពជាយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល”។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា អគារទាំង ៣ នេះនឹងត្រូវសាងសង់ដោយប្រើប្រាស់ថវិកានៅសល់ពីគម្រោងអគារតេជោអភិវឌ្ឍន៍ ដែល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចូលរួមបរិច្ចាគ និងសម្តេចបានអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួមបរិច្ចាគ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមពាក្យស្លោក “បរិច្ចាគដើម្បីជីវិតមនុស្ស” រួមនឹងថវិកាស្វយ័តសន្សំរំលស់របស់មន្ទីរពេទ្យកាល់ម៉ែត។ គម្រោងសាងសង់នេះគ្រោងចំណាយថវិកាសរុបចំនួន ៦២ ៤១៥៦០០USD (ហុកសិបពីរលាន បួនរយដប់ប្រាំពាន់ ប្រាំមួយរយដុល្លារអាម៉េរិកគត់) ។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តថា ការសាងសង់អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង គឺជាគម្រោងទី១ ក្នុងប្រវត្តិសាស្ត្រនៃវេជ្ជសាស្រ្តកម្ពុជា ត្រូវបានផ្តួចផ្តើមគំនិតឡើងដោយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត និងបានធ្វើការប្រឹក្សាយោបល់លើបច្ចេកទេសសាងសង់អគារ និងបំពាក់ឧបករណ៍សម្ភារ: ដែលទាមទារបច្ចេកទេសសំណង់ក្រោមដីស្មុគស្មាញតាមនិយាមសកល។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏ពិសិដ្ឋសម្រាប់អ្នកជំងឺជាពិសេសអ្នកជំងឺមហារីក។
អគារនេះ នឹងបំពាក់ដោយម៉ាស៊ីនស៊ីក្លូត្រុងទំនើបថ្មីមួយ ដែលអាចផលិតឱសថវិទ្យុសកម្មប្រើប្រាស់ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីក ជំងឺបេះដូង ជំងឺប្រព័ន្ធប្រសាទ ជំងឺឆ្លង និងជំងឺផ្សេងដទៃជាច្រើនទៀត តាមបច្ចេកទេសវេជ្ជសាស្រ្តនុយក្លេអ៊ែរទំនើប ដូចបណ្ដាប្រទេសអភិវឌ្ឍន៍នានានៅលើសកលលោក។
បន្ថែមលើនេះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ក៏មានសក្តានុពលក្នុងការផលិតឱសថ វិទ្យុ សកម្ម បន្ថែមសម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ និងមានបំណងធ្វើទំនើបកម្មការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ









