អ៊ីស្រាអែលប្តេជ្ញាបង្កើនការវាយលុកកម្ទេចក្រុម ហេសបូឡាលីបង់
ហ្សេរុយសាឡឹម៖ មេដឹកនាំអ៊ីស្រាអែលបានព្រមានកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនឹងបង្កើនសកម្មភាពយោធាប្រឆាំងនឹងក្រុមប្រដាប់អាវុធហេសបូឡាលីបង់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថ្លែងថា ស្ថានភាពបច្ចុប្បន្នមិនអាចបន្តបានទៀតទេ… យើងត្រូវការការផ្លាស់ប្តូរតុល្យភាពអំណាចនៅតាមព្រំដែនភាគខាងជើងរបស់យើងជាមួយលីបង់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានប្រាប់ក្រុមរដ្ឋមន្ត្រីក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាថាប្រជាពលរដ្ឋរបស់យើងអាចត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព។
ការអះអាងបែបនេះរបស់លោក ណេតាន់យ៉ាហ៊ូ
កើតឡើងចំពេលដែលអ៊ីស្រាអែល និងក្រុមហេសបូឡាបានផ្លាស់ប្ដូរការវាយប្រហារគ្នាទៅវិញទៅមក។
យោធាអ៊ីស្រាអែលបានវាយប្រហារដោយកាំភ្លើងធំនៅភាគខាងត្បូងប្រទេសលីបង់ ខណៈក្រុមហេសបូឡា បានបាញ់រ៉ុក្កែតប្រហែល ៤០គ្រាប់ និងយន្តហោះដ្រូចូលទៅភាគខាងជើងអ៊ីស្រាអែល។ ប៉ុន្តែគ្មានការរងរបួសត្រូវបានគេ ឮរាយការណ៍នោះទេ។
ការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាបានបន្តចាប់តាំងពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានផ្ទុះឡើង៕ ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា


