ផ្លូវថ្មើរជើងពេញនិយមរបស់ឆេកក្លាយជាទន្លេ
បរទេស៖ កាលពីថ្ងៃអាទិត្យ មនុស្សរាប់សិបនាក់បានសម្រុកទៅពិនិត្យមើលស្ថានភាពទន្លេ អូប៉ាវ៉ា (Opava) នៅភាគឦសាន នៃសាធារណរដ្ឋឆេក ដែលបានហក់ឡើងហៀរច្រាំង ចំពេលមានទឹកជំនន់ខ្លាំងក្លា ដោយគេដឹងថា ផ្លូវថ្មើរជើងនេះធ្លាប់ជាកន្លែងដើរកម្សាន្តពេញនិយម។
តំបន់នេះ គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុត ដោយសារទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលបានចាប់ផ្តើមធ្លាក់ កាលពីថ្ងៃសុក្រ ហើយទើបតែបានផ្អាកធ្លាក់ នៅព្រឹកថ្ងៃអាទិត្យប៉ុណ្ណោះ។
ទន្លេ Opava បានឡើងដល់កំពូល នៅម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ដោយបានធ្វើឱ្យស្ពានផ្លូវធំមួយ មានហានិភ័យធ្ងន់ធ្ងរ នៃការដួលរលំ។ នៅកន្លែងផ្សេងទៀត ក្នុងសាធារណរដ្ឋឆេក ទឹកជំនន់បានរំខានចរាចរណ៍ផ្លូវថ្នល់ និងផ្លូវដែក។
មនុស្សបួននាក់ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន រហូតមកដល់ពេលនេះ។ មនុស្សជាង១ម៉ឺននាក់ត្រូវបានជម្លៀស ហើយជាង២៥ម៉ឺនផ្ទះ ដាច់ចរន្តអគ្គិសនី។ ទឹកជំនន់ក៏បានវាយលុកបណ្តាប្រទេសអឺរ៉ុបកណ្តាលផ្សេងទៀតផងដែរ រួមមាន អូទ្រីស ហុងគ្រី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត