គ.ជ.ប ប្រកាសបិទបញ្ចប់ដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ ខណៈអ្នកមាន​ឈ្មោះ​បណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ សរុបជិត ១០លាននាក់

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប )បានប្រកាស​បិទបញ្ចប់​នៃដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ដោយបានបញ្ជាក់ពីការប្រព្រឹត្តិទៅ​បានដោយរលូន និងទទួលជោគជ័យ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការប្រកាសបិទបញ្ចប់ដំណើរ ការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការបញ្ជូនលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមក គ.ជ.ប បណ្តឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតដំបូង នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានឱ្យដឹងថា៖ក្នុងរយៈពេល១៦ថ្ងៃកន្លងមកនេះ បើទោះបីមានបញ្ហាអាកាសធាតុ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ពីតិចទៅច្រើន មានផ្គររន្ទះ ខ្យល់កន្ត្រាក់ បង្កជាផលរំខានមួយចំនួន ដល់ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ក្នុងពេលចល័ត ការិយាល័យតាមភូមិ និងប្រជាពលរដ្ឋដែលត្រូវធ្វើបច្ចុប្បន្នភាព និងចុះឈ្មោះបោះឆ្នោត ហើយ ភូមិសាស្ត្រមួយចំនួនក្នុងឃុំ សង្កាត់ស្ថិតនៅឆ្ងាយដាច់ពីគ្នា ក៏មិនមែនជាឧបសគ្គធ្វើឱ្យរាំងស្ទះ ដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះឡើយ។

ឯកឧត្តមបានលើកឡើងឱ្យដឹងដែរថាសម្រាប់លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនេះអ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៧១.០៣០នាក់ (ស្រីចំនួន ៨៦.០៦០នាក់) អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១០៥.១៥២នាក់,អ្នកស្នើសុំកែតម្រូវទិន្នន័យក្នុងបញ្ជីបោះឆ្នោត មានចំនួន ២៥.៧៨២នាក់,អ្នកផ្ទេរចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥២.១៥៤នាក់,អ្នកមានឈ្មោះបណ្តោះអាសន្នក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ សរុបមានចំនួន ៩.៩៨៩.៥២៧នាក់ (ស្រី ៥.៣០៣.១៨៦នាក់) ស្មើនឹង ៨៩,០៥ភាគរយ។

ឯកឧត្តម ហ៊ែល សារ៉ាត់ បានបញ្ជាក់បន្ថែមថា”នេះជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ ហើយតួលេខនេះនឹងត្រូវកើនឡើងបន្ថែមទៀត ពេលយើងបូកបញ្ចូលតួលេខ ដែលក្រុមចុះឈ្មោះបោះឆ្នោតបានចុះបន្ថែមទៀត នៅក្នុងថ្ងៃចុងក្រោយនេះ។
ឯកឧត្តមសមាជិក គ.ជ.ប បានអះអាងផងថា៖ បន្ទាប់ពីបានត្រួតពិនិត្យ និងសម្រេចលើទិន្នន័យអ្នកបោះឆ្នោតដោយ គ.ជ.ប និងបន្ទាប់ពីបញ្ចប់ ការដោះស្រាយបណ្ដឹងពាក់ព័ន្ធនឹងការស្នើសុំចុះឈ្មោះបោះឆ្នោត (ប្រសិនបើមាន) នាយកដ្ឋាន គ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ត្រូវចាត់ចែង​រៀបចំបញ្ជីបោះឆ្នោតដំបូង និងបញ្ជី ឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញ​ពីបញ្ជីបោះឆ្នោត តាមឃុំ សង្កាត់នីមួយៗ ដើម្បីធ្វើការ បិទផ្សាយជាសាធារណៈនៅតាម​សាលាឃុំ សង្កាត់ ឬ/និងនៅទីសាធារណៈណាមួយក្នុងឃុំ សង្កាត់ និងបង្ហោះនៅលើគេ​ហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh និង App NEC KH។ គោលដៅ នៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺដើម្បីឱ្យប្រជាពលរដ្ឋបានពិនិត្យឈ្មោះ និងទិន្នន័យរបស់ខ្លួន។

បើតាមគ.ជ.បឱ្យដឹងថាគិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ និង គ.ជ.ប ពុំទទួលបាន ពាក្យបណ្ដឹងណាមួយទេ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner