រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងនូវការស្វាគមន៍ និងអរគុណដល់សារព័ត៌មានត្នោត អ៊ែប ដែលបានសហការផ្សព្វផ្សាយព័ត៌មានក្នុងវិស័យកសិកម្ម
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអនុញ្ញាតឱ្យអង្គភាពសារព័ត៌មានត្នោត អ៊ែប ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងកសិកម្ម ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអរគុណដល់សារព័ត៌មានត្នោត អ៊ែប ដែលបានសហការផ្សព្វផ្សាយព័ត៌មានក្នុងវិស័យកសិកម្ម ដែលមានប្រភពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយជូនដល់សាធារណជន។
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានណែនាំអំពីកម្មវិធីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់លើការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និង បរិស្ថាន តាមរយៈការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីភូមិ-ឃុំ និងការកសាងសហគមន៍កសិកម្មទំនើបដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ។ ឯកឧត្តមរដ្ឋមន្ដ្រីលើកទឹកចិត្តដល់សារព័ត៌មានត្នោត អ៊ែប ផ្សព្វផ្សាយកម្មវិធីគោលនយោបាយទាំងនេះឱ្យបានទូលំទូលាយ ក្នុងគោលដៅធ្វើយ៉ាងណាដើម្បីឱ្យកសិករទាំងអស់ «មានហូប មានប្រើ មានបាន និងមានរហូត»។
ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងផងដែរ ពីកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» រវាងកម្ពុជានិងចិន ដោយផ្តោតសំខាន់លើវិស័យចំនួន៦ ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយៈ «ច្រកមច្ឆានិងអង្ករ» ដែលអង្គភាពសារព័ត៌មានអាចពិនិត្យលទ្ធភាពផ្សព្វផ្សាយ និងកៀរគរអ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជា។
បើតាមឯកឧត្តមរដ្ឋមន្ដ្រី កម្ពុជាមានកសិផលសក្តានុពលជាច្រើនដូចជា ស្រូវអង្ករ កៅស៊ូ និងសំបុកត្រចៀកកាំ ដែលមានភាពរឹងមាំលើផ្នែកដាំដុះ និងត្រូវការការវិនិយោគក្នុងការកែច្នៃបន្ថែម ដើម្បីផ្សាភ្ជាប់ខ្សែច្រវាក់តម្លៃរហូតដល់ទីផ្សារអន្តរជាតិ ជាមួយនឹងតម្លៃបន្ថែមខ្ពស់ និងថា ការវិនិយោគរបស់អ្នកវិនិយោគចិននៅកម្ពុជា គឺជាការបំពេញបន្ថែមឱ្យគ្នា ឈរលើភាពស្មើគ្នា និងដើម្បីទទួលបានផលចំណេញ។
ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីជំហរសហការជាមួយស្ថាប័នសារព័ត៌មានដែលមានវិជ្ជាជីវៈ នឹងណែនាំអង្គភាពសារព័ត៌មានត្នោត អ៊ែប បន្តសហការជាមួយលោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អ្នកនាំពាក្យក្រសួង ដើម្បីឱ្យអ្នកសារព័ត៌មានបានយល់កាន់តែច្បាស់ និងស៊ីជម្រៅអំពីវិស័យកសិកម្ម មុននឹងផ្សព្វផ្សាយបន្តទៅកាន់សាធារណជន ដើម្បីផ្ដល់ផលប្រយោជន៍ពិតប្រាកដសម្រាប់សង្គមជាតិ ៕
ប្រភព ៖ ក្រសួងកសិកម្ម