នៅទី២០ ខែកញ្ញា រដ្ឋសភាកោះប្រជុំជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន២រូប និងរបៀបវារៈសំខាន់ៗចំនួន៣ទៀត

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកោះប្រជុំជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ តាមសំណើរបស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២រូប ។ ការប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី មណ្ឌលខេត្តកំពង់ឆ្នាំងជូន ឯកឧត្តម ហ៊ឺ វីរៈ ជំនួស សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបានទទួលមរណភាព។ ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម អ៉ិត រ៉ាឌី ជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ និងការពិភាក្សានិងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ការអនុម័តកោះប្រជុំជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យអនុម័តលើរបៀបវារៈទាំងបួនខាងលើនេះ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner