ឯកឧត្តមអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair កោតសរសើរការរីកចម្រើនដ៏ឆាប់រហ័សនៅកម្ពុជា
(ភ្នំពេញ)៖ ក្នុងឱកាសនៃជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៤ ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) ដែលមានសាខានៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងតំបន់អាស៊ាន បានកោតសរសើរការរីកចម្រើន គួរឱ្យកត់សម្គាល់នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល១ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម បានជម្រាបជូនសម្ដេចធិបតី អំពីសកម្មភាពការងារ របស់វិទ្យាស្ថានTony Blair ដែលជាវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ និងមានបេសកកម្មផ្ដល់ទស្សនទានផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍ ដល់បណ្តារដ្ឋាភិបាលនៅលើពិភពលោក។
ឯកឧត្តម Tony Blair បានបង្ហាញអំពីបំណងនៃការផ្តល់ កិច្ចសហការជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលររួមចំណែក សម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់កម្ពុជា។
សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងបេសកកម្មរបស់វិទ្យាស្ថាន Tony Blair និងបានថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍របស់វិទ្យាស្ថាន ក្នុងការផ្តល់កិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចធិបតីបានជម្រាបជូនដោយសង្ខេបនូវសមិទ្ធផលក្នុងរយៈពេលមួយឆ្នាំ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាន ទិសដៅបន្ត និងចក្ខុវិស័យ ព្រមទាំងបានលើកទឹកចិត្តឱ្យវិទ្យាស្ថាន Tony Blair បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលើកិច្ចសហប្រតិបត្តិការជាក់លាក់ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។
សម្ដេចធិបតី និង ឯកឧត្តម Tony Blair ក៏បានផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈអំពីវិស័យសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមមានជាអាទិ៍៖ វិស័យអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិស័យសុខាភិបាល, វិស័យឌីជីថល និងការវិនិយោគជាដើម ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ