សិស្សក្រីក្រនៅទីជនបទដាច់ស្រយាល ២០០នាក់ ដែលមានលំនៅឋានឆ្ងាយពី សាលារៀន ទទួលបានកង់ពីអាជ្ញាធរខេត្តស្ទឹងត្រែង និងអង្គការភ្លែនកម្ពុជា
(ខេត្តស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា និងអង្គការដៃគូររាជរដ្ឋាភិបាល នាំយកកង់ ២០០គ្រឿង រួមទាំងសម្ភារៈសិក្សាមួយចំនួន ទៅផ្តល់ជូនសិស្សក្រីក្រនៅទីជនបទដាច់ស្រយាល ដែលមានទីជម្រកឆ្ងាយពីសាលារៀន ហើយខ្វះខាតទាំងមធ្យោបាយធ្វើដំណើរមកសាលា នៅ ស្រុកសៀមបូក និងស្រុកថាឡាបរិវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង ។
ពិធីចែកកង់ និងសម្ភារៈសិក្សារៀបចំនៅសាលារៀនចំនួន ៣ គឺសាលាបឋមសិក្សាភ្ជល់ ទទួលបានកង់ ៥០គ្រឿង ស្ថិតក្នុងស្រុកសៀមបូក ,សាលាបឋមសិក្សាវាលខ្សាច់ ១០០គ្រឿង និងសាលាបឋមសិក្សាស្ពង់ ៥០គ្រឿង ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ក្រោមជំនួយឧបត្ថម្ភ គាំទ្រពីក្រុមហ៊ុន GIA (ជី អាយ អេ) តាមរយៈអង្គការភ្លែន (Plan Cambodia) កាលពីថ្ងៃទី១៦ កញ្ញា ២០២៤ ។
ឯកឧត្តម សរ សុពុត្រា ផ្តាំផ្ញើឱ្យ ក្មួយៗយកចិត្តទុកដាក់រៀនសូត្រ មានចំណេះដឹង ដើម្បីក្លាយជាសិស្សល្អ ពលរដ្ឋល្អ និងជាទំពាំស្នងឫស្សី ក្លាយជាអ្នកដឹកនាំមួយរូប រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើន ។
ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង បានជមំរុញឱ្យឪពុកម្តាយ អាណាព្យាបាលសិស្ស ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យកូនៗរបស់ខ្លួនបានរៀន រហូតដល់ចប់ថ្នាក់ទី១២ (មធ្យមសិក្សាទុតិយកភូមិ) និង បានកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានលះបង់ពេលវេលា មកបង្រៀនសិស្សនៅតំបន់ជនបទដាច់ស្រយាល ឈរលើស្មារតី ពង្រីកចំណេះដឹងដល់អ្នកបន្តវេន ដែលជាធនធានមនុស្ស ដ៏ចាំបាច់ ដើម្បីកសាងសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនថែមទៀត ៕
ដោយ៖ឡុង សំបូរ