សាស្ត្រាចារ្យរងជប៉ុនបានចាត់ទុកការអភិវឌ្ឍក្រុមប្រឹក្សាយោបល់នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជាគន្លឹះចាំបាច់ ជួយឱ្យការអប់រំនៅកម្ពុជាកាន់តែប្រសើរឡើង

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ សាស្ត្រាចារ្យរង Handa Katsuhisa សាស្ត្រាចារ្យរងមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រកីឡា នីបប៉ុន នៃប្រទេសជប៉ុនបានចាត់ទុកថា ការផ្តល់ចំណេះដឹងស្តីពីការអភិវឌ្ឍក្រុមប្រឹក្សាយោបល់ ដល់គ្រូឧទ្ទេសរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលជាកន្លែងបណ្តុះបណ្តាលគរុនិស្សិតពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះគ្រូឧទ្ទេសទាំងអស់នេះហើយ ជាអ្នកចែករំលែកចំណេះដឹង និងផ្តល់ការប្រឹក្សាយោបល់ទៅកាន់គរុនិស្សិត ហើយគរុនិស្សិតនឹងនាំយកចំណេះដឹងប្រឹក្សាយោបល់ទៅអនុវត្តនៅក្នុងសាលាដែលពួកគេបង្រៀននៅពេលខាងមុខ។

ការថ្លែងបញ្ជាក់របស់ សាស្ត្រាចារ្យរង Handa Katsuhisa បានធ្វើឡើងក្នុងពិធីបិទ​សិក្ខា​សាលាស្តីពី «ការអភិវឌ្ឍក្រុមប្រឹក្សាយោបល់» នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្រោមការរៀបចំរបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស។

លោក សាស្ត្រាចារ្យបន្តបញ្ជាក់ថា ថ្វីត្បិតការចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីអំពីការប្រឹក្សាយោបល់នេះ យើងបណ្តុះដល់គ្រូឧទ្ទេសរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាក៏ពិតមែន ប៉ុន្តែពួកគាត់ជាគ្រូឧទ្ទេស គឺជាអ្នកបណ្តុះបណ្តាលបន្តដល់គរុនិស្សិត ដែលនឹងក្លាយជាគ្រូបង្រៀននៅតាមសាលាមធ្យមសិក្សាបឋមភូមិ សាលាមធ្យមសិក្សាទុតិយភូមិ។ ដូច្នេះហើយ ពេលចំណោទបញ្ហាត្រូវបានបកស្រាយនោះនឹងជួយជាប្រយោជន៍ដល់កុមារក្នុងការសិក្សារបស់ពួកគេ។

លោក តូ រិទ្ធីយ៉ា នាយករងនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាជាសិក្ខាកាម បានថ្លែងលើកឡើងថា ចំណេះដឹងការប្រឹក្សាយោបល់ គឺមានសារៈសំខាន់ណាស់ នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ព្រោះវាជាសូចនាករមួយសិត្ថនៅក្នុងស្តង់ដានៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាលើគ្រឹះស្ថានឧត្តមសិក្សា។ ព្រមទាំងការប្រឹក្សាយោបល់នេះជាគន្លឹះដែលធ្វើឱ្យចំណោទបញ្ហារបស់គរុនិស្សិតឬ បុគ្គលិកនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាត្រូវបានបកស្រាយបង្ហាញ និងផ្តល់នូវដំណោះស្រាយល្អៗជូនពួកគាត់។

លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយដ្ឋានកីឡា មានប្រសាសន៍ថា កម្មវិធីនេះក៏បានបង្រៀនពីរបៀបដោះស្រាយបញ្ហាសម្រាប់បុគ្គលិក គរុសិស្ស គរុនិស្សិត ក៏ដូចជាការអភិវឌ្ឍចំណេះដឹង ការឆ្លុះបញ្ចាំង និងស្វ័យភាពក្នុងការសម្រេចចិត្តលើគន្លងសិក្សា ការរៀបឥរិយាបថបំពេញការងារ ដោយផ្អែកលើទេពកោសល្យ និងសមត្ថភាព។ មិនត្រឹមតែប៉ុណ្ណោះទេ ដើម្បីទទួលបានការយល់ដឹង ចំណេះដឹងទូទៅ និងការទំនាក់ទំនងក្លាយជាអ្នកប្រឹក្សាយោបល់ ដែលជាការរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាក្នុងការផ្តល់ប្រឹក្សាយោបល់ដើម្បីជួយគាំទ្រ លើកទឹកចិត្ត ដោះស្រាយបញ្ហាដល់គរុសិស្ស គរុនិស្សិតក្នុងកំឡុងពេលសិក្សា និងជាដំណាក់កាលដែលអាចចែករំលែកនូវចំណេះដឹង ជាពិសេសជួយឱ្យគរុសិស្ស គរុនិស្សិតកំណត់បាននូវក្តីសុបិន្ដ ចំណាប់អារម្មណ៍ បំណិន និងទេពកោសល្យ ដើម្បីកំណត់នូវសារៈសំខាន់សម្រាប់ការសិក្សា ការបង្រៀននៅតាមសាលារៀន និងការចូលរួមក្នុងសហគមន៍របស់គេផងដែរ។ លើសពីនេះ គរុសិស្ស គរុនិស្សិតនឹងអាចអភិវឌ្ឍន៍គុណសម្បទា ស្គាល់ចំណុចខ្លាំង និងឱកាស ដើម្បីលើកកម្ពស់លទ្ធភាពនៃការធ្វើសមាហរណកម្មចូលទៅកាន់ពិភពខាងក្រៅ និងសង្គម៕

រូបភាព និងអត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner