រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនធ្វើបទបង្ហាញអំពីព្រំដែនកម្ពុជា ជាមួយប្រទេសវៀតណាម ឡាវ និងថៃ ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
ភ្នំពេញ៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ឡាំ ជា បានអញ្ជើញធ្វើបទបង្ហាញជូនប្រតិភូគណបក្ស នៃឧត្តមក្រុមប្រឺក្សាពិគ្រោះនិងផ្តល់យោបល់ នៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ ការធ្វើបទបង្ហាញនេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម្ពុជា បានឯកភាពឱ្យឯកឧត្តមបណ្ឌិត ឡាំ ជា មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា រវាងប្រទេសឡាវ-វៀតណាមនិងថៃ តាមការស្នើសុំរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ការឯកភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈចំណារលើលិខិតស្នើរបស់លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានមានប្រសាសន៍ថា ការដែលឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាដ្ធានកិច្ចការព្រំដែនមកធ្វើបទបង្ហាញ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រតិភូគណបក្សទាំងអស់នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងប្រជាពលរដ្ឋខ្មែរទាំងអស់ដែលត្រូវតែដឹងឱ្យច្បាស់អំពីព្រំដែនស្របច្បាប់របស់ខ្មែរ ចៀសវាងការចាញ់បោកពួកប្រឆាំងជ្រុលនិយមដែលបំភ្លៃការពិតក្នុងបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់។ លោកជំទាវបានបន្តថា មូលហេតុដែលប្រតិភូគណបក្សធម្មាធិបតេយ្យស្នើសុំឱ្យធ្វើបទបង្ហាញ គឺដើម្បីឱ្យសមាជិកប្រតិភូគណបក្សទាំង២៩ នៅក្នុងឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជ្រាបឱ្យច្បាស់អំពីព្រំដែនស្របច្បាប់របស់រាជរដ្ឋាភិបាលដែលបានធ្វើរួចហើយនោះ ដើម្បីចុះទៅបង្ហាញពន្យល់ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ ថ្នាក់មូលដ្ធានដែលខ្វះការចេះដឹងនោះ ឱ្យគាត់ជ្រាបឱ្យដឹងច្បាស់អ្វីខុសអ្វីត្រូវ ឱ្យគាត់យល់ដឹងឱ្យច្បាស់ឡើងវិញអំពីព្រំដែនរបស់យើងសព្វថ្ងៃនេះ។
លោកជំទាវ ពោធិតី សាវត្ថី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានបទបង្ហាញរបស់គណកម្មការព្រំដែនហើយ ឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងមានគម្រោងចុះទៅទូទាំងប្រទេសតែម្តង មិនមែនត្រឹមតែ ៤ខេត្តរបស់ CLV ទេ គឺយើងធ្វើបទបង្ហាញចុះទៅពន្យល់ប្រជាពលរដ្ឋទូទាំងប្រទេសតែម្តង។
គួររម្លឹកឱ្យដឹងថា លោកជំទាវ ពោធិតី សាវត្ថី ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានដាក់លិខិតគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំអញ្ជើញឯកឧត្តមបណ្ឌិត ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជារវាងប្រទេសឡាវ-វៀតណាម និងថៃ។ ប្រធានប្រតិភូគណបក្សធម្មាធិបតេយ្យ បានជម្រាបជូនសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ យោងតាមព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន ដែលបង្កើតឡើងដោយក្រុមជ្រុលនិយម ដែលមានមេក្លោងជាជនក្បត់ជាតិ៣ជំនាន់ ដើម្បីធ្វើជាលេសក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ប្រតិភូគណបក្សធម្មាធិបតេយ្យ មានបំណងស្នើសុំអញ្ជើញឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មកធ្វើបទបង្ហាញអំពីព្រំដែនស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជារវាងប្រទេសឡាវ-វៀតណាម និងថៃ ដែលរាជរដ្ឋាភិបាលបានធ្វើរួចហើយ ឱ្យប្រតិភូយើងបានយល់ច្បាស់ ដើម្បីជាចំណេះដឹងមូលដ្ឋានគ្រឹះ ងាយស្រួល យកទៅពន្យល់ប្រជាពលរដ្ឋខ្មែរឲ្យពួកគាត់បានយល់ច្បាស់ កុំឱ្យជឿតាមល្បិចកលទុច្ចរិតរបស់ពួកក្រុមជ្រុលនិយមទៀត៕
ដោយ៖ពលជ័យ