សមិទ្ធផលឯក ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពតជាច្រើនទៀត នឹងលេចរូបរាងជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ
(កំពត)៖ ដើម្បីទាក់ទាញភ្ញៀវទេសចរ រដ្ឋបាលខេត្តកំពត មានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើន ដែលសុទ្ធសឹងជាសមិទ្ទ្ធិផលឯក និងជាប្រវត្តិសាស្ត្រ ក្នុងនោះមានដូចជាស្ពាន សាងសង់តាមរចនាបថ ខ្មែរបំពាក់ដោយថាមពលអគ្គិសនី បំផ្លែងពីកង្ហារធំបំផុតចំនួន២, កសាងសំពៅធំបំផុតដែលមានភោជនីដ្ឋាយនៅខាងលើ និងកសាងឆ្នេរសមុទ្រនៅខាងមុខកំពុងផែទេសចរណ៍អន្តរជាតិជាដើម។
នេះជាប្រសាសន៍ របស់ ឯក ឧត្តម ម៉ៅធនិនអភិបាលខេត្តកំពតបាន លើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តម បានបន្តថា បច្ចុប្បន្នមន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក អនុវត្តការងារបានល្អប្រសើរ ដោយឯកឧត្តមមិនបានទទួលពាក្យបណ្តឹងណាមួយ ពីប្រជាពលរដ្ឋ ដូចពីពេលមុននោះទេ ។ នេះបានបញ្ជាក់អំពីស្មារតីនៃការចូលរួមយ៉ាងសកម្មរបស់មន្ត្រី អាជ្ញាធរក្នុងការបម្រើប្រជាពលរដ្ឋ ហើយ កន្លងមករដ្ឋបាលខេត្តបានខិតខំកសាងនូវសមិទ្ធផលជាច្រើន មានដូចជា ការស្ថាបនាឆ្នេរខ្សាច់កម្សាន្ត ការកែលម្អសួនច្បារ ការកសាងរូបសំណាកសេះសមុទ្រ និងនាឡិកាធំហើយខ្ពស់ជាងគេជាដើម ។
តាមរយៈសមិទ្ធផលជាច្រើននេះ បានធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងក្នុង និងក្រៅប្រទេសចាប់អារម្មណ៍ ចង់មកកម្សាន្ត និងសិក្សាស្វែងយល់ពីខេត្តកំពត ជាក់ស្តែងក្នុងខែនេះ អគ្គរាជទូត និងអង្គទូតចំនួន ១៨ប្រទេស និងថ្នាក់ដឹកនាំកម្ពុជាជាច្រើនរយនាក់ ធ្វើដំណើរមកបំពេញការងារមួយចំនួននៅខេត្តកំពត។
ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរដល់រដ្ឋបាលខេត្តដែលបានបំពេញកិច្ចការងារបានល្អប្រសើរ និងបានខិតខំអភិវឌ្ឍន៍បង្កើតបាននូវសមិទ្ធផលឯក ជាច្រើនដើម្បីទាកទាញទេសចរ ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ហើយក្រុមប្រឹក្សាខេត្ត នឹងបន្តចូលរួមសហការ គាំទ្រនូវរាល់គម្រោងថ្មីៗបន្ថែមទៀតដែលរដ្ឋបាលខេត្តបានដាក់ចុះ ក្នុងគោលបំណងជំរុញដល់ការអភិវឌ្ឍន៍ខេត្តឲ្យកាន់តែរីកចម្រើន ៕
ដោយ ៖ សិលា សារិន