ព្រះសង្ឃ និងមន្រ្តីសង្ឃខេត្តកំពតរំពឹងថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ពុទ្ធបរិស័ទកាន់តែកុះករជាងឆ្នាំមុន
កំពត៖ខណៈពិធីបុណ្យកាន់បិណ្ឌវេនទី១ ចាប់ផ្តើមនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ព្រះសង្ឃ និងមន្ត្រីសង្ឃខេត្តកំពតរំពឹងថា ប្រជាពុទ្ធបរិស័ទនឹងមកធ្វើបុណ្យនៅតាមវត្តអារាមច្រើនជាងឆ្នាំមុនៗ ដោយសារសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។
ជាមួយគ្នានេះដែរនៅទូទាំងខេត្តកំពតមានការរៀបចំវត្តអារាម យ៉ាងស្អាតបាតត្រៀមទទួលប្រជាពលរដ្ឋជិតឆ្ងាយក្នុងឱកាសបុណ្យ
កាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះដែរ។
អាន៖ ព្រះធម្មចារី ហ៊ីង សុង ធម្មធម៌គណខេត្តកំពត និងជាព្រះគ្រូសូត្រស្តាំ វត្តជុំគ្រៀល ស្រុកទឹកឈូរ មានថេរដីកាថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពុទ្ធបរិស័ទ ព្រោះវាជាឱកាសមួយសម្រាប់ញ៉ាំងឱ្យសទ្ធាឱ្យផុសឡើង ក្នុងការជួបជុំបំពេញនូវអំពើល្អរួមគ្នា និងបានជួយឧបត្តមដល់ដល់ព្រះសង្ឃផងដែរ។ ដូច្នេះហើយទើប ទីវត្តអារាមជុំគ្រៀលបានរៀបចំតុបតែងរួចរាល់អស់សម្រាប់ញ៉ាំងសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទ ។
ព្រះអង្គបន្ថែមថា សម្រាប់កម្មវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តជុំគ្រៀល ក៏ដូចជាវត្តឯទៀតដែរនឹងដំណើរការទៅតាមប្រពៃណី
សាសនា។ព្រះអង្គរំពឹងថា ពុទ្ធបរិស័ទ នឹងមកចូលរួមពិធីបុណ្យនេះច្រើនជាងឆ្នាំមុនៗ។
សូមជម្រាបថា ទូទាំងខេត្តកំពត មានវត្តចំនួន ២៧៤វត្ត ។លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាបានប្រាប់ឱ្យដឹងថា
វត្តអារាមក្នុងខេត្តបានរៀបចំសម្រាប់រដូវបុណ្យទានប្រចាំឆ្នាំដ៏ធំនេះ។តាមការសង្កេតជាក់ស្តែងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ លោករំពឹងថា នឹងមានប្រជាពុទ្ធបរិស័ទទៅវត្តច្រើនជាងឆ្នាំមុន ដោយសារសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋខេត្តកំពតមានភាពល្អប្រសើរ ហើយបញ្ហាកង្វះចង្ហាន់ក៏ប្រហែលជាមិនកើតមានឡើងដែរ ៕
អត្ថបទនិងរូបភាព៖ សិលា សារិន