អ្នកនាំពាក្យក្រសួងបរិស្ថានលើកទឹកចិត្តពលរដ្ឋ និងពុទ្ធបរិស័ទចូលរួមរក្សាអនាម័យ និង កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
(ភ្នំពេញ)ស្របពេលដែលពិធីកាន់បិណ្ឌ និងពិធីភ្ជុំបិណ្ឌកំពុងឈានមកដល់នេះ ក្រសួងបរិស្ថានបានលើកទឹកចិត្តឱ្យពលរដ្ឋ និងពុទ្ធបរិស័ទចូលរួមរក្សាអនាម័យនៅតាមគេហដ្ឋាន ភូមិឋាន ទីធ្លាសាធារណៈ ទីវត្តអារាម ដោយរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីរួមគ្នាថែរក្សាបរិស្ថានស្អាតនៅកម្ពុជា។
ថ្លែងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៤នេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថាដើម្បីភាពស្រស់ស្អាត បរិស្ថានល្អ និងពិសេសនោះការចូលរួមថែរក្សាអនាម័យល្អទាំងតាមលំនៅដ្ឋាន ទីវត្តអារាម និងទីសាធារណៈនោះ ពលរដ្ឋត្រូវរួមគ្នាថែរក្សាអនាម័យបរិស្ថាន ប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយមិនត្រូវចោលសំរាម និងថង់ប្លាស្ទិកពាសវាលកាល ដែលនាំឱ្យ ប៉ះពាល់ដល់បរិស្ថានទេ នៅបង្កឱ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ ថែមទៀត។
ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងដែរថា” ការចូលរួមអនុវត្តអនាម័យ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ប្រជាពលរដ្ឋនៅតាមទីសាធារណៈ និងទីវត្តអារាម នឹងធ្វើឱ្យវត្តអារាម មានសោភ័ណភាព ស្រស់ស្អាត មិនមានសំរាមប្លាស្ទិកត្រូវបានបោះចោលពាសវាលពាសកាលជាដើម”។
មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថាកាលណាប្រជាពលរដ្ឋចូលរួមទាំងអស់ ពីការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក នឹងធ្វើភូមិឋានយើងស្អាត វត្តអារាមយើងស្អាត មិនមានការបំពុលដោយថង់ប្លាស្ទិកនោះនឹងធ្វើឱ្យកម្ពុជាយើងស្អាត។
ឯកឧត្តម ខ្វៃ អាទិត្យា មានប្រសាសន៍ដែរថា សំណល់សំរាមនិងប្លាស្ទិកមិនមែន ជាបញ្ហារបស់កម្ពុជាទេ គឺជាបញ្ហាសកល។ សំណល់ទាំងនេះ បានបំពុលទៅដល់ មិនត្រឹមតែមនុស្សយើងទេ ប៉ុន្តែបំពុលទាំងធនធានធម្មជាតិ និងជីវចម្រុះនៅលើគោក និងក្នុងទឹក។ចំនួនសំរាមនៅលើសាកលលោកបានកើនឡើងជាបន្តបន្តាប់ដែលបង្កប៉ះពាល់ដល់សុខភាពសាធារណៈជាចម្បង។ កន្លងមកនេះក្រសួងបរិស្ថាន បានបើកយុទ្ធនាការថ្ងៃនេះ មិនប្រើថង់ប្លាស្ទិកទេ ដោយក្នុងនេះមានពលរដ្ឋ ចូលរួមប្តេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក ជាង៩លាន៥សែននាក់ និងជំហានទី២ បានដាក់ចេញយុទ្ធនាការ ”កម្ពុជាស្អាតខ្មែរធ្វើបាន”ដោយក្នុងនេះមានមនុស្សជិត៣លាននាក់បានចូលរួម។
ក្នុងពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌនេះដែរមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើង ដោយបញ្ជាក់ថា”ពលរដ្ឋដែលអញ្ជើញទៅវត្តអារាមនានា ឬអញ្ជើញទៅផ្សារ អាចប្រើប្រាស់កន្រ្តកបរិស្ថាន ឬសម្ភារដែលអាចប្រើប្រាស់បានច្រើនដង ដើម្បីចូលរួមកាត់បន្ថយប្លាស្ទិក ចូលរួមលើកសោភណ្ឌភាពប្រទេសកម្ពុជាឱ្យបានគ្រប់ទីកន្លែងក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ខ្វៃ អាទិត្យា ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីដែលធ្វើដំណើរនៅក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ សូមឱ្យមានសុខសុវត្ថិភាព គ្រប់ៗគ្នា៕
ដោយ៖ដេប៉ូ