មូលនិធិអាស៊ី នឹងបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា
(ភ្នំពេញ)៖ មូលនិធិអាស៊ី តែងចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានារបស់រដ្ឋាភិបាលកម្ពុជា ជាពិសេស គឺការចូលរួមគាំទ្រយ៉ាងសកម្មដល់អាជ្ញាធរនៅតាមមូលដ្ឋាន ដូចជា៖ ការចុះធ្វើការស្រាវជ្រាវពីជីវភាពរស់នៅរបស់ប្រជាជន ដើម្បីកសាងភាពធន់នឹងវិបត្តិ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការបើកវគ្គបណ្តុះបណ្តាលពីវិធីសាស្រ្តកសាងគម្រោងថវិកា ជាដើម។ សម្រាប់ទស្សនវិស័យទៅថ្ងៃខាងមុខ មូលនិធិអាស៊ី នឹងបន្តខិតខំគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដោយអនុលោមតាមយុទ្ធសាស្រ្ត គោលនយោបាយ និងរបៀបវារៈអាទិភាពរបស់រដ្ឋាភិបាល ដែលជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា និងជាបេកកម្មរបស់មូលនិធិអាស៊ី គឺធ្វើយ៉ាងណាបន្តគាំទ្រដល់ប្រទេសកម្ពុជា ឱ្យទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍរហូតទៅ ។
នេះជាការគូសបញ្ជាក់របស់ លោកស្រី ឡរ៉ែល អ៊ី មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ីថ្មី (The Asia Foundation) ក្នុងឱកាសចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ។
លោកស្រីប្រធានមូលនិធិអាស៊ី បានរាយការណ៍ជូនសម្តេចតេជោប្រមុខរដ្ឋស្តីទី នូវលទ្ធផលការងាររបស់មូលនិធិអាស៊ី កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យទៅខាងមុខក្នុងការចូលរួមគាំទ្រការងារអាទិភាពរបស់រដ្ឋាភិបាល ។ ផ្អែកលើគោលបំណងនេះ លោកស្រី ក៏មានបំណងស្នើសុំអនុសាសន៍ និងការចង្អុរបង្ហាញបន្ថែមពីសម្តេចតេជោ ដែលកន្លងមកសម្តេចតែងតែផ្តល់ការគាំទ្រ និងការអនុគ្រោះដល់មូលនិធិអាស៊ី រហូតអាចដំណើរការបានរលូន និងជោគជ័យក្នុងរយៈពេល ៣០ឆ្នាំមកនេះ ។ លោកស្រី បន្តថា មូលនិធិអាស៊ីកំពុងប្រារព្ធខួបលើកទី ៧០ នៃប្រតិបត្តិការនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក បន្ទាប់ពីបានចំណាយពេលប្រាំពីរទសវត្សរ៍ ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសជាដៃគូ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យអភិបាលកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងជួយគាំទ្រទៅតាមអ្វីដែលជាបំណងប្រាថ្នារបស់ប្រទេសដៃគូ ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ការអញ្ជើញមកដល់ កម្ពុជា និងអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកស្រីប្រធាន ដែលត្រូវបានជ្រើសរើសជាប្រធាន និងជានាយកប្រតិបត្តិថ្មីនៃមូលនិធិអាស៊ី។ សម្តេចតេជោ បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់មូលនិធិអាស៊ីដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដែលឆ្នាំ២០២៤នេះ គឺជាខួបទី៣០ឆ្នាំ នៃភាពជាដៃគូកិច្ចសហប្រតិបត្តិការរវាងមូលនិធិអាស៊ី និងព្រះរាជាណាចក្រកម្ពុជា ក៏ជាខួបលើកទី៧០ នៃការបង្កើតមូលនិធិអាស៊ីផងដែរ។
សម្តេច បានបញ្ជាក់ថា ទោះបីជាពេលនេះ សម្តេច មិនមែនជានាយករដ្ឋមន្រ្តី និងមានការផ្លាស់ប្តូររាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ប៉ុន្តែគោលនយោបាយអភិវឌ្ឍន៍ប្រទេស គោលនយោបាយការបរទេស កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាការគាំទ្រដល់ដំណើរការនៃមូលនិធិអាស៊ី គឺគ្មានការផ្លាស់ប្តូរនោះទេ ហើយនឹងត្រូវបន្តធ្វើការ និងទទួលលទ្ធផលជាវិជ្ជមានជាមួយគ្នាថែមទៀត ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ