ព្យុះ Boris វាយប្រហារអឺរ៉ុប សម្លាប់មនុស្ស ១៨នាក់
ព្រុចសែល : អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា ទឹកជំនន់បង្កឡើងពីខ្យល់ព្យុះ Boris នៅភាគកណ្តាលតំបន់អឺរ៉ុប បានបង្កជាទឹកជំនន់ធ្ងន់ធ្ងរ។
អាជ្ញាធរបានរាយការណ៍ថា ទឹកជំនន់បង្កឡើងពីខ្យល់ព្យុះ Boris នៅភាគកណ្តាលអឺរ៉ុប បានធ្វើឱ្យបាក់ទំនប់ទឹក កាត់ផ្តាច់ចរន្តអគ្គិសនី និងសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨នាក់ ខណៈមនុស្សកាន់តែច្រើនត្រូវបានជម្លៀស។
ខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា បានវាយលុកប្រទេសអូទ្រីស សាធារណរដ្ឋឆេក ហុងគ្រី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។
យោងតាមតួលេខចុងក្រោយបំផុត បានឱ្យដឹងថា ព្យុះនេះបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៧នាក់នៅក្នុងប្រទេសរូម៉ានី, ៤នាក់នៅប៉ូឡូញ, ៤នាក់នៅអូទ្រីស និង ៣នាក់នៅសាធារណរដ្ឋឆេក ខណៈមនុស្សមួយចំនួននៅតែបន្តបាត់ខ្លួន។
លោក Thomas Hofbauer អ្នកស្រុករស់នៅទីក្រុងវីយែន អាយុ ៥៧ឆ្នាំបានប្រាប់កាសែតបារាំង AFP ថា ខ្ញុំបានរស់នៅតំបន់នេះប្រហែល ២៥ឆ្នាំ ហើយខ្ញុំមិនដែលជួបប្រទះទឹកជំនន់បែបនេះពីមុនមកទេ។
អ្នកជំនាញបាននិយាយថា ការប្រែប្រួលអាកាសធាតុ ដែលបណ្តាលមកពីការបំភាយឧស្ម័នផ្ទះកញ្ចក់ បង្កើតឡើងដោយសកម្មភាពរបស់មនុស្ស កំពុងបង្កើនភាពញឹកញាប់ និងអាំងតង់ស៊ីតេនៃព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗ មានដូចជាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជាដើម៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា