Meta ជះលុយរាប់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីការពារសុវត្ថិភាព CEO
វ៉ាស៊ីនតោន : ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់ពិភពលោក ក្នុងនោះរួមមាន Meta កំពុងចំណាយប្រាក់រាប់លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីការពារសុវត្ថិភាពនាយកប្រតិបត្តិ (CEO) របស់ពួកគេ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Fortune។
មេធំ Facebook គឺក្រុមហ៊ុន Meta បានចំណាយប្រាក់ច្រើនជាង ៣ដង បើធៀបនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀត ដើម្បីការពារសុវត្ថិភាពនាយកប្រតិបត្តិ និងស្ថាបនិករបស់ខ្លួន គឺលោក Mark Zuckerberg។
នៅឆ្នាំ ២០២៣ Meta បានចំណាយសរុបចំនួន ២៣.៤លានដុល្លារ សម្រាប់សន្តិសុខផ្ទាល់ខ្លួនរបស់លោក Zuckerberg រួមទាំង ៩.៤លានដុល្លារចំណាយលើសុវត្ថិភាពផ្ទាល់ខ្លួន និង ១៤លានដុល្លារទៀតចំណាយបន្ថែមទាក់ទងនឹងលោក Zuckerberg និងសន្តិសុខផ្ទាល់ខ្លួនរបស់គ្រួសារគាត់។
ចំណែក កាលពីឆ្នាំ២០២២ Meta បានចំណាយកាន់តែច្រើន ដើម្បីការពារលោក Zuckerberg ដោយវិក័យប័ត្រសម្រាប់សន្តិសុខផ្ទាល់ខ្លួនរបស់គាត់ចំណាយជាង ២៤លានដុល្លារ និង ២៥លានដុល្លារក្នុងឆ្នាំ ២០២១ នេះបើយោងតាមឯកសារបញ្ជូនទៅកាន់គណៈកម្មការមូលបត្រ (SEC)៕
ប្រភព ÷ Fortune ប្រែសម្រួលដោយ ÷ ឈឹម ទីណា