ក្រសួងការងារអំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវនិស្សិត​ជ័យលាភីអាហារូបករណ៍សិក្សានៅជប៉ុន ដើរតួជាទូត​សុឆន្ទៈក្នុងការផ្សព្វ​ផ្សាយពី​សក្តានុពលប្រទេសជាតិ ដើម្បីទាក់ទាញការវិនិយោគ ភ្ញៀវទេសចរ និងបង្កើត​ឱកាសការងារនៅក្នុងស្រុកបន្ថែមទៀត។

ការលើកឡើងនេះនៅក្នុងជំនួបនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន ១២នាក់ ដែល​នឹង​ចេញ​ដំណើរទៅសិក្សានៅប្រទេសជប៉ុន ក្រោមជំនួយទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិជប៉ុន (JICA) ដើម្បីទទួលនូវបទពិសោធន៍ ព័ត៌មាន និងអនុសាសន៍ល្អៗ​ពីថ្នាក់​ដឹកនាំក្រសួងការងារ នៅទីស្តីការក្រសួងនារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានមានប្រសាសន៍ថា ការទទួលបានអាហារូបករណ៍​នៅ​ជប៉ុននេះ គឺជាឱកាសល្អមួយបន្ថែមទៀត ក្នុងការកសាងសមត្ថភាព ទំនាក់ទំនងជាមួយ​ពលរដ្ឋ​បរទេស ដើម្បីរឹតចំណងមិត្តភាព ក៏ដូចជាឱកាសផ្សេងៗបន្ថែមទៀតសម្រាប់​កសាង​ជីវិតសម្រាប់ពេលអនាគត។

ជាមួយគ្នានេះ លោកជំទាវថ្លែងថា ក្នុងនាមជាបញ្ញវ័ន្ត ត្រូវបន្តធ្វើជាទូតសុឆន្ទៈក្នុងការ​ផ្សព្វ​ផ្សាយ​វប្បធម៌ គោលនយោបាយកម្ពុជាទៅបរទេស ដើម្បីបង្ហាញពីសក្ដានុពល​របស់កម្ពុជា និងជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ វិនិយោគិនបរទេស ជាពិសេសជំរុញការបង្កើតការងារនៅក្នុងស្រុកកាន់តែច្រើនថែមទៀត។

លោកជំទាវបានលើកទឹកចិត្តឱ្យនិស្សិតខិតខំប្រឹងប្រែងសិក្សារៀនសូត្រពីមុខវិជ្ជារបស់ខ្លួន ស្របតាមបរិបទសង្គម ការប្រែប្រួលបច្ចេកវិទ្យា និងរួមចំណែកជាមួយរាជរដ្ឋា​ភិបាល​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកជំទាវ ក៏បានរំលឹកឱ្យចូលរួមចែករំលែកបទ​ពិសោធ​ន៍​ពីបរិបទនៃការវិវត្តវិទ្យសាស្ត្រ សង្គមសាស្ត្រ និងការអប់រំផ្សេងៗដល់និស្សិតកម្ពុជា​ជំនាន់ក្រោយ។

គួរបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនតាមរយៈ JICA មាន​ចំនួន ១២នាក់ ក្រោមកម្មវិធីដូចជា កម្មវិធីអ្នកដឹកនាំសាកល SDGs កម្មវិធីកែលម្អ​ការ​អប់រំកុមារ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យរ៉ែ កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស​ក្នុង​វិស័យច្បាប់ និងយុត្តិធម៌ និងកម្មវិធីរ៉ាប់រងសុខភាពជាសាកល៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner