ក្រសួងអធិការកិច្ចទទួលកុំព្យូទ័រនិងសម្ភារៈបច្ចេកវិទ្យា ចំនួន ១៨៨គ្រឿង ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមានគមន៍ បានប្រគល់កុំព្យូទ័រនិងសម្ភារៈបច្ចេកវិទ្យា ចំនួន ១៨៨ គ្រឿង ដល់ក្រសួងអធិការកិច្ច សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន ដែលពិធីប្រគល់-ទទួលកុំព្យូទ័រនេះ បានប្រារព្វធ្វើឡើង នារសៀលថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅទីស្តីការក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ។
ពិធីប្រគល់-ទទួលកុំព្យូទ័រចំនួន ១៨៨គ្រឿងនេះ គឺបានធ្វើឡើងដោយផ្អែក ក្នុងគោលបំណងរួមសហការគ្នាអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជម្រុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តម ហួត ហាក់ បានថ្លែងអំណរគុណដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានសហការ សម្របសម្រួល លើការងារជួយពង្រឹងការធ្វើទំនើបកម្ម និងជំរុញបរិវត្តកម្មឌីជីថល ដើម្បីពង្រឹង និងពន្លឿនការងារឲ្យកាន់តែងាយស្រួល និងប្រសើរឡើងថែមមួយកម្រិតទៀត។
ការជំរុញបរិវត្តកម្មឌីជីថល និងរួមចំណែកកសាង រដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាព របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ការពង្រឹង និងការជំរុញបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល គឺជាកិច្ចការអាទិភាព ដើម្បីគោលដៅរួមក្នុងការបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងជាលំដាប់ និងជាផ្នែកមួយនៃការចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ៕
ដោយ ៖ ហេង សម្បត្តិ