ព្យុះ Yagi សម្លាប់មនុស្សជិត៦០០នាក់ក្នុងបួនប្រទេស
បរទេស៖ ចំនួនមនុស្សស្លាប់ដោយសារតែការវាយលុករបស់ ព្យុះសង្ឃរា Yagi បង្កជាទឹកជំនន់ ជន់លិច ៤ប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានកើនដល់ចំនួន ៥៨៨នាក់ហើយ នេះបើតាមតួលេខផ្លូវការ ចេញផ្សាយដោយ AFP នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
ព្យុះសង្ឃរា Yagi បានបោកបក់ពាសពេញភាគខាងជើង ប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា កាលពីជាងមួយសប្តាហ៍មុន ដែលបង្កឲ្យមានទឹកជំនន់ និងការរអិលបាក់ដី នៅទូទាំងតំបន់។
ក្នុងចំណោមបួនប្រទេស វៀតណាមមានស្លាប់ច្រើនជាងគេ កើនដល់ប្រមាណ ៣០០នាក់។ បន្ទាប់មក គឺមីយ៉ាន់ម៉ា កើនដល់ប្រមាណ ២៧០នាក់។ រីឯប្រទេសថៃ មានស្លាប់មនុស្សជិត ២០នាក់ហើយ។
បើតាមទីភ្នាក់ងារ UNICEF ទទួលបន្ទុកុមការ របស់អង្គការសហប្រជាជាតិបានឲ្យដឹងដែរថា កុមារជិត៦លាននាក់ ទូទាំងតំបន់អាស៊ីអាគ្នេយ៍ បានរងផលប៉ះពាល់ តាមរយៈគ្មានទឹកស្អាតទទួលទាន, អាហារ, ជម្រក, សុខាភិបាល ព្រមទាំងមិនអាចទៅរៀនបាន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត