រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល​៖ ឯកឧត្តម​ ហួត​ ហាក់​ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងឯកឧត្តម​ សុខ​ សូកេន​ ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋសភាបើកសម័យ​ប្រជុំ​ជា​វិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យសំណើបោះឆ្នោតផ្តល់សេចក្តីទុក្ខចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន ២រូប។ សមាជិកសភាចូលរួមប្រជុំមានចំនួន​១០៦រូប។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើរដ្ឋសភាធ្វើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន ២រូប គឺផ្លាស់ប្តូរឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅធ្វើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងផ្ទេរឯកឧត្តម ហួត ហាក់ ពីរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទៅធ្វើជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការស្នើសុំ កែសម្រួលសមាសភាពសមាជិករាជរដ្ឋាភិបាលចំនួន២រូប ដោយសំឡេងភាគច្រើនលើសលុប។

សម្តចធិបតី​ ហ៊ុន​ ម៉ាណែ​ត​ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា​ ចាប់តាំងពីថ្ងៃដំបូង នៃការចូលកាន់ដំណែងរាជរដ្ឋាភិបាល​ នីតិកាលទី៧​ នៃរដ្ឋសភា​ បានប្តេជ្ញាចិត្តខ្ពស់នៅក្នុងការកសាងសមទ្ធិផលថ្មីៗបន្ថែមទៀតជូនជាតិ​ និងមាតុភូមិដោយឈរលើសមទ្ធិផលទាំងឡាយដែលកើតចេញពីការដឹកនាំដ៏ឈ្លាវៃ និងប៉ិនប្រសព្វប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលមុនៗ​ តាមរយ:ការអនុវត្តយុទ្ធសាស្ត្រត្រីកោណ​ យុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល។ ក្នុងស្មារតីនេះ​ ដើម្បីតាមកម្មវិធីនយោបាយ​សម្រាប់នីតិកាទី៧​ នៃរដ្ឋសភា​ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១​ ដើម្បីកំណើន​ ការងារ​ សមធម៌​ ប្រសិទ្ធភាព​ និងចីរភាព ដោយបន្តផ្តោតសំខាន់លើរបៀបវារ:​ធានាប្រសិទ្ធភាព​ សមទ្ធិកម្ម​ តាមរយ:ការអនុវត្តអភិក្រមឆ្លុះកញ្ចក់​ ងូតទឹក​ ដុះក្អែល​ ព្យាបាល​ និងវះកាត់​ ។​​

សម្តេចធិបតីបានមានប្រសាសន៍ថា​ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ​សូមស្នើអង្គរដ្ឋសភាពិនិត្យនិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ឯកឧត្តម​ ហួត​ ហាក់​ ស្នើជារដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងឯកឧត្តម​ សុខ​ សូកេន​ ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner