ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិត ឆ្នាំ២០២៥ សម្ដែងការពេញចិត្ដចំពោះ ការតំឡើងចំនួន ២០៨ដុល្លារ
(ភ្នំពេញ)៖ ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប គឺមានចំនួន២០៨ដុល្លារ ក្នុង ១ខែ ក្នុងឆ្នាំ២០២៥ខាងមុខ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិតវិស័យវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប ឆ្នាំ២០២៥ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក គឹម ចាន់សំណាង តំណាងភាគីកម្មករនិយោជិត បានលើកឡើងថា ការឯកភាពលើតួលេខ២០៨នេះ ដោយសហជីពប្រជុំពិភាក្សាផ្ទៃក្នុងជាច្រើនលើក និងចរចាជាមួយភាគីនិយោជកយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាជួយឲ្យកម្មករនិយោជិតទទួលបានប្រាក់ឈ្នួលកាន់តែខ្ពស់។
លោក គឹម ចាន់សំណាង សហជីពនៅតែរក្សាជំហរធ្វើយ៉ាងណាដើម្បីការពារផលប្រយោជន៍ ជូនកម្មករនិយោជិត ឲ្យទទួលបានប្រាក់ចំណូលសមរម្យ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូបនេះ។
លោកឧកញ៉ា ណាង សុធី តំណាងនិយោជក បានសម្ដែងការពេញចិត្ដចំពោះ តួលេខនេះ ដែលមានលក្ខណសមរម្យ ដើម្បីអាចទទួលយកបាន។ ជាពិសេស ការចរចានេះ គឺមានការយល់គ្នាច្រើន ជាងបណ្ដាឆ្នាំមុនៗ ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអោយដឹងថា លទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ ហើយរជរដ្ឋាភិបាលបន្ថែម២ ដុល្លារបន្ថែម ទៀត ដូច្នេះប្រាក់ឈ្នួលក្នុងឆ្នាំ២០២៥ខាងមុខ គឺមានចំនួន២០៨ដុល្លារក្នុងមួយខែ។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ការសម្រេចបាននូវតួលេខ ២០៨ដុល្លារនេះ ដោយភាគីនីមួយៗបានសិក្សាពីស្ថានភាពជាក់ស្ដែងនៃសង្គម និងសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។
សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប ក្នុងឆ្នាំ២០២៤ គឺមានចំនួន ២០៤ដុល្លារក្នុងមួយខែ ហើយបើគិតទាំងប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្ត និងប្រាក់រង្វាន់អតីតភាពការងារ កម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចាប់ពី ២២០ដុល្លារ ទៅ ២៣៦ដុល្លារ ក្នុងមួយខែៗ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា