ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា ដើម្បីគាំពារជនរងគ្រោះ។
ក្នុងជំនួបរវាងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Nellie Ghusayni នៅទីស្ដីការក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ចំពោះការផ្ដល់ជំនួយនានារបស់ IOM តាមរយៈការជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសទាក់ទងការងារទេសន្តរប្រវេសន៍ និងជំនួយហិរញ្ញវត្ថុមួយចំនួន ដើម្បីពង្រឹងគោលនយោបាយទេសន្តរប្រវេសន៍នៅកម្ពុជា និងកម្មវិធីគាំពារជនរងគ្រោះដោយសារទេសន្តរប្រវេសន៍។ ក្នុងន័យនោះ ឯកឧត្តមរដ្ឋមន្រ្តីបានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយ IOM ដើម្បីពង្រឹកលើការគ្រប់គ្រងការងារទេសន្តរប្រវេសន៍នៅកម្ពុជា និងពង្រឹងអភិបាលកិច្ចទាក់ទងគោលនយោបាយ ច្បាប់ និងបទដ្ឋានគិតយុត្តិផ្សេងៗទៀត។ ជាពិសេសពង្រឹងទៅលើកម្មវិធីវគ្គតម្រង់ទិសមុនចេញដំណើរ (PDO) នៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត ។
ឯកឧត្តមមានប្រសាសន៍ថា កម្ពុជាបានរៀបចំគោលនយោបាយជាច្រើន ដើម្បីពង្រឹងតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ប្រកបដោយក្រមសីលធម៌សម្រាប់ជួយជនរងគ្រោះទាំងការធ្វើចំណាកស្រុកទៅក្រៅប្រទេស និងជនរងគ្រោះបរទេសនៅក្នុងប្រទេសកម្ពុជា។
ចំពោះកិច្ចការដែលទាក់ទងនឹងការគាំពារជនរងគ្រោះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពង្រឹងសេវាគាំពារជនរងគ្រោះឱ្យមានប្រសិទ្ធភាពទាំងវិលត្រឡប់មកកម្ពុជាវិញ និងជនបរទេសដែលទទួលរងគ្រោះនៅកម្ពុជា ។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការជាមួយ IOM គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធ្វើជាដៃគូជាមួយក្រសួងការងារ ក្នុងការគាំទ្រដល់ជនរងគ្រោះពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍នៅកម្ពុជា។
លោកស្រី Nellie Ghusayni ប្រធានបេសកកម្មអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានធ្វើកិច្ចការជាច្រើនរួមគ្នាកន្លងមក ហើយលោកស្រីក៏ឯកភាពក្នុងការបន្តទំនាក់ទំនងឱ្យកាន់តែជិតស្និទថែមទៀត។
លោកស្រីក៏ចង់ឱ្យមានការពង្រីកទំនាក់ទំនងបន្ថែមទៀត តាមរយៈការបង្កើតឱ្យមានកិច្ចព្រមព្រៀង (MoU) ថ្មីផ្សេងៗទៀត ដោយបន្ថែមលើកិច្ចព្រមព្រៀងជាមួយគ្នាកន្លងមក។ យន្តការនេះ គឺគោលបំណងពង្រីកសេវាគាំពារជនរងគ្រោះដោយការធ្វើចំណាកស្រុក និងការកាត់បន្ថយអំពើជួញដូរមនុស្ស ក៏ដូចជាការរំលោភបំពានផ្សេងទៀត៕
ដោយ ៖ ង៉ាន់ ទិត្យ