អ្នកស្រាវជ្រាវបង្កើតគ្រោងឆ្អឹងជង្គង់យន្ត ជួយមនុស្សធ្វើការងារធ្ងន់
វ៉ាស៊ីនតោន : អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក បានបង្កើតគ្រោងឆ្អឹងជង្គង់យន្តមួយគូរ មានឈ្មោះថា knee exoskeletons ផលិតឡើងដោយបំពាក់ម៉ូទ័រដ្រូន និងដង្កៀបជង្គង់។ នេះបើតាមការសេចក្តីរាយការណ៍របស់គេហទំព័រ techxplore។
នៅក្នុងអត្ថបទថ្មីមួយ ដែលចុះផ្សាយដោយទស្សនាវដ្តី Science Robotics អ្នកបង្កើតគ្រោងឆ្អឹងជង្គង់យន្តនេះ បានឱ្យដឹងថា មូលហេតុដែលពួកគេបង្កើតវាឡើង គឺក្នុងគោលបំណងជួយដល់មនុស្សទូទៅ ជាពិសេសកម្មករបម្រើការផ្នែកសំណង់ និងផលិតកម្ម។
លោក Robert Gregg សាស្រ្តាចារ្យផ្នែកមនុស្សយន្តនៅសាកលវិទ្យាល័យ Michigan បាននិយាយថា គ្រោងឆ្អឹងជង្គង់យន្តនេះ នឹងជួយគាំទ្រដល់សាច់ដុំជើងទាំងសងខាង និងឆ្អឹងខ្នង ជាពិសេសទប់ទល់នឹងភាពអស់កម្លាំង នៅពេលធ្វើចលនាលើកដាក់ច្រើន ឬក៏បំពេញការងារធ្ងន់-ស្រាលនានា។
ហើយវាក៏ជាមធ្យោបាយដ៏មានសុវត្ថិភាព ដើម្បីជួយការពារកម្មករពីការរងរបួសជើង ភ្លៅ និងឈឺសន្លាក់ក្បាលជង្គង់ផងដែរ។
លោកសាស្រ្តាចារ្យ Gregg បន្ថែមថា គ្រោងឆ្អឹងជង្គង់យន្តនេះមួយគូប្រហែលជាមានតម្លៃ ៤,០០០ដុល្លារ ហើយលោករំពឹងថា ប្រសិនបើវាត្រូវបានផលិតលក់ក្នុងទ្រង់ទ្រាយធំ នោះពួកវាទំនងជាមានតម្លៃត្រឹម ២,០០០ដុល្លារប៉ុណ្ណោក្នុងមួយគូ។
លោកសាស្រ្តាចារ្យ Gregg បានបញ្ជាក់ទៀតថា បច្ចុប្បន្ន ក្រុមការងារគាត់កំពុងដាក់ពាក្យស្នើសុំសិទ្ធិការពារប៉ាតង់ ដោយមានជំនួយពី U-M Innovation Partnerships ហើយក៏កំពុងស្វែងរកដៃគូ ដើម្បីនាំយកបច្ចេកវិទ្យានេះវាយលុកទីផ្សារនាពេលអនាគតផងដែរ៕
ប្រភព៖ techxplore ប្រែសម្រួលដោយ៖ ឈឹម ទីណា