ស្រីលង្កាបោះឆ្នោតរើសប្រធានាធិបតីថ្មីលើកដំបូង ក្រោមស្រមោលនៃវិបត្តិសេដ្ឋកិច្ច
កូឡុំបូ : ប្រទេសស្រីលង្កា នៅថ្ងៃសៅរ៍ទី២១ ខែកញ្ញានេះ បានបើកដំណើរការការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីជាលើកដំបូង ចាប់តាំងពីប្រទេសដីកោះនេះ ធ្លាក់ជ្រៅក្នុងវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានពីមុន។
ប្រជាជនស្រីលង្កាប្រហែល ១៧.១លាននាក់ក្នុងចំណោម ២២លាននាក់ មានសិទ្ធិបោះឆ្នោតជាលើកដំបូង នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃសៅរ៍នេះ ដើម្បីបម្រើប្រទេសជាតិក្នុងរយៈពេល ៥ឆ្នាំ។
ស្រីលង្កាបានដាក់ពង្រាយប៉ូលីសប្រមាណ ៦៣,០០០នាក ដើម្បីការពារសុវត្ថិភាព និងសន្តិសុខដំណើរការបោះឆ្នោតនេះ។
ការិយាល័យបោះឆ្នោតនឹងបិទនៅម៉ោង ៤ល្ងាចថ្ងៃសៅរ៍ដដែល (ម៉ោងក្នុងតំបន់)។ បេក្ខជនទទួលបាន៥០ភាគរយនៃសន្លឹកឆ្នោត ឬច្រើនជាងនេះ នឹងក្លាយជាអ្នកឈ្នះការបោះឆ្នោត។
លទ្ធផលនៃការបោះឆ្នោត ត្រូវបានគេរំពឹងថា នឹងត្រូវចេញផ្សាយនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ហើយប្រធានាធិបតីថ្មីនឹងស្បថចូលកាន់តំណែង ក្នុងពេលឆាប់ៗខាងមុខ។
នេះគឺជាការបោះឆ្នោតរើសមេដឹកនាំថ្មីជាលើកដំបូង ចាប់តាំងពីប្រទេសខ្វះខាតប្រាក់បម្រុងយ៉ាងធ្ងន់ធ្ងរ រហូតរុញច្រានដែនកោះនេះស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ ធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។
ទិន្នន័យផ្លូវការបានបង្ហាញថា អត្រានៃភាពក្រីក្ររបស់ប្រទេសស្រីលង្កា បានកើនឡើងទ្វេដងដល់ ២៥ភាគរយនៅចន្លោះឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ ដោយបានដាក់បន្ថែមមនុស្សចំនួន ២.៥លាននាក់ ជាប្រជាជនដែលអាចរកចំណូលតិចជាង ៣.៦៤ដុល្លារក្នុងមួយថ្ងៃ៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា



