សម្ដេច ម៉ែន សំអន ៖ សូមរណសិរ្សខេត្ត អនុវត្តការទូត សន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការ ស្មើភាព

(ខេត្តស្ទឹងត្រែង)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីនៃពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តស្ទឹងត្រែង នាព្រឹក ថ្ងៃសៅរ៍ទី២១ ខែកញ្ញា ឆ្នាំ២០២៤។

សម្ដេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា « បណ្ដុំ នៃភារកិច្ចមួយ ក្នុងចំណោមបណ្ដុំ នៃភារកិច្ចស្នូលរបស់គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត គ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តនោះគឺ ចូលរួមអនុវត្តមាគ៌ាគោលនយោបាយការទូត សន្តិភាព ឯករាជ្យ មិត្តភាព និងសហប្រតិបត្តិការ ស្មើភាពជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យ ស្មើសិទ្ធិ និងមានផលប្រយោជន៍ទាំងសងខាង ស្របតាមបាវចនារបស់រាជរដ្ឋាភិបាលកម្ពុជា នៃការ កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ » ។

សម្ដចកិត្តិសង្គហបណ្ឌិត បានបន្តថា សូមគណៈកម្មាធិការរណសិរ្សខេត្ត ចូលរួមតស៊ូប្តូរផ្តាច់ ក្នុងការទប់ស្កាត់នូវរាល់ឧបាយកល និងសកម្មភាពបំបែកបំបាក់សាមគ្គីភាពជាតិរបស់ក្រុមប្រឆាំង មជ្ឈដ្ឋានអមិត្តទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងអូសទាញមហាជន ប្រជាជន ឱ្យប្រឆាំងចំពោះបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិជាទីស្នេហា នៃយើង ពង្រឹង និងថែរក្សាឱ្យបានរឹងមាំ នូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ទាំងទស្សនៈគោលជំហរ និងនយោបាយសតិអារម្មណ៍ តាមគោលការណ៍ រក្សាចាស់ បង្កើនថ្មី ។

គួររំឭក និងជម្រាបជូនថា ដោយមានគោលការណ៍ ១១ ចំណុច ជាស្នូល ដែលត្រូវបានប្រកាសនៅថ្ងៃបង្កើតរណសិរ្សនេះឡើង កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅនាភូមិជើងឃ្លូ ឃុំ ២ ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលជាវិមានអនុស្សាវរីយ៍រណសិរ្ស ២ ធ្នូ នាពេលបច្ចុប្បន្ននេះ រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា បានក្លាយជាអង្គការចាត់តាំងមហាជន ឈានមុខមួយរបស់សង្គម រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយផ្អែកលើស្មារតីឯករាជ្យជាតិ ដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃ រួមទាំងគ្រប់ជនរួមជាតិទាំងឡាយ ដែលរស់ក្រៅប្រទេសផង ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ហើយគោលការណ៍ស្នូលរបស់ រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ។

ឆ្លៀតក្នុងឱកាសដែលមានអ្នកចូលរួមប្រមាណជា ២៨០ អង្គ/នាក់ នោះ សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងផងដែរអំពីមូលហេតុដែលសម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ក៏ដូចជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកពូលៗរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់គម្រោង CLV និងកិច្ចការដែលត្រូវធ្វើបន្តទៀត ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner