ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យទស្សនកិច្ចប៉ែកឦសានប្រទេស៣យប់៣ថ្ងៃ

បន្ទាយមានជ័យ៖ដោយចេញដំណើរនាម៉ោង៤ទៀបភ្លឺថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូ​រដ្ឋបាលខេត្តបន្ទាយ​មានជ័យ ដឹកនាំ​ដោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ រួមដំណើរថ្នាក់​ដឹកនាំគ្រប់​លំដាប់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់នៃ​ខេត្តបន្ទាយមានជ័យជាង២០០នាក់ បានចាកចេញពីសាលា​ខេត្ត​​ក្នុងដំណើឆ្ពោះទៅកាន់ខេត្ត៤ នៃភាគឦសានប្រទេស។ជាដំណើរ​ទស្សនកិច្ចរយៈពេល៣ថ្ងៃ (ថ្ងៃទី២០-២២ ខែកញ្ញាឆ្នាំ២០២៤)​ដើម្បី​មើលឃើញជាក់ស្តែងនូវការ​អភិវឌ្ឍដោយពិតប្រាកដ និងការ​ការពារ​បាននូវបូរណភាពទឹកដីនៅទីនោះផងដែរ។ខេត្តទាំង៤នេះគឺ ខេត្ត​ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង។

តាមរយៈក្បួនរថយន្តក្រុងធុនមធ្យមរបស់រដ្ឋដែលជាអំណោយរបស់របស់ក្រុមហ៊ុនប៊ូយ៉ុង-កូរ៉េ និងរថយន្តទេសចរណ៍​ផ្ទាល់ខ្លួន​ជាង១០គ្រឿង​ដោយធ្វើដំណើរតាមតម្រាយផ្លូវទៅមុខរហូត មិនសារដានផ្លូ​វដដែល ស្របតាមស្ថានភាពជាក់ស្តែងដែលហេដ្ឋារចនាសម័្ពន្ធផ្លូវ​ត្រូវ​បាន​​អភិវឌ្ឍន៍​ស្ទើរតែជាផ្លូវក្រាលកៅស៊ូប្រភេទAC ,ប្រភេទDBST និងមួយចំនួនត្រូវជួសជុលឡើងវិញ។គឺចេញ​​​ដំណើរ​តាមផ្លូវជាតិ​លេខ​៦ពីខេត្តបន្ទាយមានជ័យ កាត់​ខេត្ត​សៀមរាប ខេត្តកំពង់ធំ,ផ្លូវជាតិ​លេខ៧១(កំពង់ថ្ម​ស្រុកបារាយណ៍ ខេត្តកំពង់ធំ-ស្រុកចម្ការលើ-ត្រើង ស្រុកកំពង់សៀមខេត្តកំពង់ចាម) ,ផ្លូវជាតិលេខ៧(កំពង់ចាម-ត្បូងឃ្មុំ-ក្រចេះ) ។

រួចបន្តដំណើរតាមផ្លូវជាតិលេខ៧៦A (ស្រុកស្នួលខេត្តក្រចេះ-ក្រុង​សែនមនោរម្យខេត្តមណ្ឌលគិរី-ស្រុកអូរយ៉ាដាវខេត្ត​រតន​គិរី​),ផ្លូវជាតិ​លេខ៧៨(ច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ-ក្រុងបាន​លុង ខេត្តរតនគិរី-អូរពងមាន់ ខេត្តស្ទឹងត្រែង),បន្តដំណើ​រ​​ផ្លូវជាតិលេខ​៧(ក្រុង​ស្ទឹងត្រែង-ច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្រុងបូរីអូរស្វាយ​សែនជ័យ ខេត្ត​ស្ទឹងត្រែង ព្រំដែនកម្ពុជា ឡាវ) និងចុងបញ្ចប់ វិលត្រឡប់​ទៅ​ខេត្តបន្ទាយមានជ័យវិញតាម​ផ្លូវជាតិ​លេខ៩(ក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវត្តន៍ខេត្តស្ទឹងត្រែង-ស្រុកឆែប ស្រុកត្បែងមានជ័យ​ខេត្តព្រះវិហារ) ,ផ្លូវជាតិលេខ៦២( ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ-ស្រុកគូលែន)និងផ្លូវជាតិ​លេខ៦៤ (ស្រុកគូលែនខេត្តព្រះវិហារ-ស្រុកស្វាយលលើ -ដំដែកស្រុកសូទ្រ​និគមខេត្តសៀមរាប) ។ពោលគឺពីភាគពាយ័ព្យទៅ​ភាគ​ឦសាន ភាគឧត្តរលើចម្ងាយផ្លូវ​ជិត១.៥០០គីឡូម៉ែត្រ។

កម្មវិធីរបស់រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យទស្សនកិច្ចទៅកាន់ខេត្ត​ព្រំដែនទាំង៤​នៃភូមិភាគឦសានលើកនេះ រួមមាន៖ រសៀលថ្ងៃទី២០ ខែកញ្ញា ទៅដល់ស្រុកស្នួល​ខេត្តក្រចេះ ដោយទស្សនាតំបន់អភិវឌ្ឍន៍​នៅច្រកព្រំដែនអន្តរជាតិត្រពាំង​ស្រែ​​​​(ស្រុកស្នួលខេត្តក្រចេះ-ស្រុកឡុក​និញ ខេត្តប៊ិញភឿក),ទស្សនាវិមាន២ធ្នូ ជាទីកន្លែងប្រវត្តិសាស្ត្រ​បង្កើតរណសិរ្ស​សាមគ្គីសង្គ្រោះ​ជាតិកម្ពុជា ២ធ្នូ១៩៧៨ នៅឃុំ២ធ្នូ​ស្រុកស្នួល ។គណៈប្រតិភូត្រូវសម្រាកនៅទីប្រជុំជនស្រុកស្នួល ខេត្តក្រចេះមួយយប់។

លុះដល់ម៉ោង៥ព្រឹកថ្ងៃទី២១ ខែកញ្ញា ប្រតិភូបន្តដំណើរទៅទស្សន​កិច្ច​តាមបណ្តោយផ្លូវជាតិលេខ៨៦ និងសមុទ្រឈើកាត់ស្រុក​កែវសីមា ស្រុកអូររាំង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនិងទស្សនារមណីយ​ដ្ឋានល្បីៗមួយចំនួនដូចជា​ទឹកជ្រោះប៊ូស្រា​នៅស្រុក​ពេជ្រាដា ភ្នំដោះ​ក្រមុំ សមុទ្រស្មៅ កន្លែងសំខាន់ៗនិងរីសតមួយចំនួននៅ​ក្រុងសែន​មនោរម្យ។ដល់រសៀលថ្ងៃដដែល​បន្ត​ដំណើរ​ពីមណ្ឌលគិរីកាត់​ស្រុកកោះញែកទៅទស្សនា​តំបន់អភិវឌ្ឍន៍ច្រកទ្វារព្រំដែនអន្តរជាតិ​អូរយ៉ាដាវ(​ខេត្តរតនគិរី- ទល់គ្នាខេត្តយ៉ាឡាយ)។រួចបន្តដំណើរ​ត្រឡប់ទៅក្រុង​បានលុង​​ខេត្តរតនគិរី ហើយទស្សនារមណីយដ្ឋាន​ល្បីខ្លះដូចជាបឹង​យក្សឡោម…និង​ស្នាក់នៅ​ទីនោះ​មួយយប់ទៀត ។

ព្រឹកថ្ងៃទី២២ខែកញ្ញាទៀបភ្លឺគណៈប្រតិភូបន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែងដោយទស្សនាការអភិវឌ្ឍន៍ព្រំដែនត្រពាំងក្រៀល​​(ក្រុង​បូរីអូរ​ស្វាយសែនជ័យខេត្តស្ទឹងត្រែង-ស្រុកមឿងខូងចម្ប៉ាសាក់) ។លុះ​រសៀល អាហារថ្ងៃត្រង់នៅក្រុងស្ទឹងត្រែង ហើយវិលត្រឡប់​ទៅខេត្ត​​បន្ទាយមានជ័យតាមតម្រាយផ្លូវដូចខាងលើ ។

តាមការរំពឹងទុកប្រតិភូនឹងបានឃើញនូវហេដ្ឋារចនាសម្ព័ន្ធសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលរបស់ក្រុមហ៊ុននិងផ្នែកឯកជននិងរបស់​ដៃគូអភិវឌ្ឍន៍ទាំងឡាយ រួមទាំងភូមិដ្ឋាន និងជីវភាពរបស់ប្រជាពលរដ្ឋ​ក្នុងសម័យតេជោសន្តិភាពនិងអភិវឌ្ឍន៍ ៕
ដោយ៖ឃិន គន្ធា

ads banner