គម្រោងរេដបូកកែវសីមា ចូលរួមក្នុងការអភិវឌ្ឍភូមិ ផ្តល់ឱកាសការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងស្ថាប័នសហគមន៍សម្រាប់ការងារ និងគ្រប់គ្រងដែនជម្រកសត្វព្រៃ
(មណ្ឌលគីរី)៖ គម្រោងរេដបូកកែវសីមាចាប់ផ្តើម នៅឆ្នាំ២០១០ លើផ្ទៃដី ១៦៦ ៩៨៣ហិកតា នៃផ្ទៃដីសរុប ដែនជម្រកសត្វព្រៃកែវសីមា ដោយមានការចូលរួមពីប្រជាសហគមន៍ចំនួន ២០ភូមិដែលរស់នៅក្នុង និងក្បែរដែនជម្រកសត្វព្រៃកែវសីមា ដែលជាភូមិគោលដៅសម្រាប់ទទួល ផលប្រយោជន៍ជាថវិកាសម្រាប់ការអភិវឌ្ឍភូមិ ឱកាសការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងស្ថាប័នសហគមន៍សម្រាប់ការងារ អភិវឌ្ឍភូមិតាមរយៈការចូលរួមគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមារបស់ពួកគាត់។
គិត ត្រឹម ឆ្នាំ២០២៤ គម្រោងរេដបូកកែវសីមាក្រោមបទដ្ឋាន អាកាសធាតុ សហគមន៍ និង ជីវៈចម្រុះ (Climate, Community & Biodiversity Standards)និងបទដ្ឋាន ផ្ទៀងផ្ទាត់កាបូន (Verified Carbon Standard) ត្រូវបានការផ្ទៀងផ្ទាត់ ដើម្បីចេញនូវឥណទានកាបូនចំនួន ៤លើក មកហើយសម្រាប់ការអនុវត្តគម្រោងរេដបូកកែវសីមាពី ឆ្នាំ២០១០ ដល់ឆ្នាំ ២០២១ ដែលទទួលបានឥណទាន កាបូនសរុបចំនួនប្រហែល ១៩លាន ឥណទានកាបូន សម្រាប់លក់នៅក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។
ថវិកា ដែលទទួល បាន មកពីការលក់ ឥ ណ ទាន កាបូន នេះ ត្រូវបានយកទៅប្រើប្រាស់លើការងារបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្ស ការងារអភិរក្ស និង គ្រប់គ្រងព្រៃឈើនិង សត្វព្រៃ និងលើក កម្ពស់ ជីវភាពសហគមន៍។ ថវិកាមួយចំណែកធំត្រូវបានបែងចែកដល់សហគមន៍ក្នុង ភូមិ ទាំង ២០ សម្រាប់អភិវឌ្ឍន៍សហគមន៍ និងលើកស្ទួយ ជីវភាព រស់នៅ សហគមន៍ តាម រយៈ ជម្រើសអាទិភាពរបស់សហគមន៍ដូចជា៖ ប្រព័ន្ធទឹកស្អាត អណ្តូងស្នប់ គ្លីនិកចល័ត ជួសជុល ផ្លូវក្នុងភូមិ សាងសង់ស្ពាន ដាក់លូកាត់ផ្លូវ រោងប្រជុំសហគមន៍ សាងសង់បង្គន់ ផ្តល់សម្ភារសិក្សា ជួស ជុល សាលា រៀន ទុន ថវិកា សម្រាប់ ក្រុម សន្សំ ពូជ សត្វ គោមាន់ ឧបករណ៍ កសិកម្ម មួយចំនួន និងអាហារ ពេលព្រឹកដល់សិស្ស ផងដែរ ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា