ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ កងទ័ពគឺជាសមរភូមិមុខ ដែលចាំបាច់ការជួយជ្រោមជ្រែង ដើម្បីបុព្វហេតុជាតិមាតុភូមិ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា កងទ័ពគឺជាសមរភូមិមុខ ចំណែកពួកយើងខ្ញុំគឺស្ថិតនៅសមរភូមិក្រោយ ដែលរងចាំជួយជ្រោមជ្រែងផ្តល់នូវអ្វីដែលជាតម្រូវការចាំបាច់សម្រាប់កងទ័ព ទាំងស្មារតី និងសម្ភារៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខអង្គភាពសម្ព័ន្ធមេត្រីភាព រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា តាមទំលាប់ជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ តែងតែមានការជួបជុំសំណេះសំណាលសួរសុខទុក្ខរវាងក្រសួង និងអង្គភាពសម្ព័ន្ធមេត្រីភាពដូចជាបញ្ជាការដ្ឋានយោធភូមិភាគ៣ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីបានដឹងពីការលំបាក បញ្ហាប្រឈមនិងសំណូមពរផ្សេងៗដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អាចជួយបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះបញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគ៣ ដែលក្នុងរយៈពេលមួយឆ្នាំមកនេះ បានចូលរួមយ៉ាងសស្រាក់ស្រាំ ក្នុងបេសកកម្មជាប្រវត្តិសាស្ត្ររបស់កងទ័ព ក្នុងកិច្ចការថែរក្សាសុខសន្តិភាពនិងស្ថិរភាពនយោបាយរបស់កម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថា ដំណើររបស់កម្ពុជាតាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្នគឺជាដំណើរដ៏ត្រឹមត្រូវ ហើយឯកឧត្តមជឿជាក់ថាដំណើរពីពេលនេះតទៅមុខទៀតក៏នឹងមានភាពរលូនពោរពេញដោយភាពកក់ក្តៅនិងមានការអភិវឌ្ឍន៍រីកចម្រើន ពីព្រោះកម្ពុជាមានមគ្គុទេសដឹកនាំដ៏ល្អគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតាសន្តិភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាបិតាសហសម័យកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាក្នុងកិច្ចការថែរក្សាសុខសន្តិភាពឱ្យបន្តនៅស្ថិតស្ថេរដល់ជំនាន់ក្រោយៗទៀត ។ បច្ចុប្បន្នក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលការណ៍នានាដើម្បីសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង ប្រមូលផ្តុំកំលាំង គ្រប់គ្រងស្ថាប័ន រក្សាសាមគ្គីឯកភាពផ្ទៃក្នុងក្រសួង គ្រប់គ្រងធនធានហិរញ្ញវត្ថុនិងធនធានមនុស្ស ។

នាឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានឧបត្ថម្ភថវិកាជូនដល់កងទ័ពនៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគ៣ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner