សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ តបតាមការអញ្ជើញ របស់លោកចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាង ប្រជាជនចិនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើងទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ស្របតាមស្មារតីនៃចំណងមិត្តភាព និងមេត្រីភាពជាប្រពៃណី មិត្តភាពដែកថែប និងកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយយកប្រជាជនជាស្នូល សំដៅនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនប្រទេសជាតិ និងប្រជាជនទាំងពីរ ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចមហារដ្ឋសភាធិការធិបតី គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសភាតំណាងប្រជាជនចិន មានជាអាទិ៍ ជួបសម្តែងការគួរសមនិងពិភាក្សាការងារទ្វេភាគី ជាមួយ លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស និងជួបសម្តែងការគួរសមជាមួយ លោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិនៃសភា ប្រឹក្សានយោបាយប្រជាជនចិន ។
ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទាំងពីរ និងអញ្ជើញជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរ ដែលនឹងផ្តល់លទ្ធភាពកាន់តែទូលំទូលាយថែមទៀត ដល់ការផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងការចែករំលែកបទពិសោធន៍ការងារពីគ្នាទៅវិញទៅមកនៅគ្រប់កម្រិត ។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងបន្តដំណើរទស្សន កិច្ចទៅកាន់ទីក្រុងសៀងហៃ ដែលនៅទីនោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក ឈិន ជីនឹង (Chen Jining) លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិន ប្រចាំទីក្រុងសៀងហៃ និងភាគីមិត្តចិនមួយចំនួនទៀត។
អំឡុងពេលទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងអញ្ជើញទស្សនាតំបន់វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្មសំខាន់ៗ ទាំងនៅទីក្រុងប៉េកាំង និងក្រុងសៀងហៃ ដែលជាផ្នែកមួយដ៏សំខាន់នៃការភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន ជាមូលដ្ឋានគ្រឹះនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមមាន វិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និង បច្ចេកវិទ្យា ជាដើម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចរដ្ឋសភាធិបតី ទៅកាន់ប្រទេសចិននាពេលនេះ ចាត់ទុកជាកិច្ចការដ៏សំខាន់បំផុតមួយប្រចាំឆ្នាំស្របពេលដែលឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ហើយរំពឹងថានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពិសេសរវាងសភាប្រទេសទាំងពីរឱ្យកាន់ តែមានភាពរឹងមាំ ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ស្របតាមយុទ្ធសាស្ត្រ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាដាក់ចេញ ដូចជាក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រនិងគំនិតផ្តួចផ្តើមនានា សំដៅកសាង សហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ៕
ដោយ / គ្រី សម្បត្តិ