ឯកឧត្តម ឃួង ស្រេង ដឹកនាំប្រតិភូសាលារាជធានីចុះសួរសុខទុក្ខ និងចែកអំណោយ​ដល់កងទ័ពជួរមុខខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោកជំទាវ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូសាលា​រាធានី​ភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ព​ជួរមុខ នៅបញ្ជាការដ្ឋាន កងពល​ធំអន្តរាគមន៍លេខ ៣ កងពលតូច អន្តរាគមន៍លេខ ៩ កងពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ។

ពីធីនេះបានធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្ថិតនៅអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ប្រកាស​ពីការសម្រេច បញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បីដកអាវុធចេញពីដៃពួក​ជ្រុលនិយម ។ តែមិនមែន មានន័យថា យើងឈប់អភិវឌ្ឍន៍នៅតាមព្រំដែននោះទេ យើងនៅតែអភិវឌ្ឍន៍នៅតាមព្រំដែន តែយើងអភិវឌ្ឍដោយខ្លួនឯង ។ ដូច្នេះសូមកងទ័ព​ការពារព្រំដែនទាំងអស់ត្រូវយល់អោយបានច្បាស់ពីរឿងនេះ និងត្រូវពង្រឹង​កិច្ច​ការពារ​ទឹកដីឱ្យបានរឹងមាំ ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះក៏បានលើកឡើងពីការលះបង់គ្រប់យ៉ាងរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដើម្បីផ្លាស់ប្តូរប្រទេសកម្ពុជា ពីប្រទេស​ដែលមានសង្គ្រាមកាប់សម្លាប់ពូជសាសន៍ឯងមកជាប្រទេស ដែលមានការអភិវឌ្ឍរីក​ចម្រើន​ដូចសព្វថ្ងៃ។ ជាក់ស្តែងនៅពេលនេះប្រទេសកម្ពុជា មិនមែនមានការអភិវឌ្ឍ​តែនៅរាជធានីភ្នំពេញ ប៉ុណ្ណោះទេ សូម្បីតែនៅតាមតំបន់ដាច់ស្រយាល​ក៏មានការ​អភិវឌ្ឍរីក​ចម្រើនដែរ ។ នេះដោយសារតែប្រទេសមានសន្តិភាពពេញលេញ ។

ឯកឧត្តម ឃួង ស្រេង ក៏បានសូមអំពាវនាវអោយបងប្អូនកងទ័ពនៅជួរមុខ និងប្រជា​ពលរដ្ឋ​នៅជួរក្រោយ រួមគ្នា ការពារសន្តិភាពនេះអោយបានគង់វង់ ។ សូមឱ្យកងទ័ព​យើងរួមជាមួយប្រជាពលរដ្ឋគាំទ្រការកសាងព្រែកជីកហ្វូណន តេជោ ដែលជាការ​បម្រើ​ផលប្រយោជន៍ប្រជាជនខ្មែរសុទ្ធសាទ ។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានមានប្រសាសន៍ថា៖ ការចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ​ជាមួយ​កងទ័ព ធ្វើឡើងក្នុងគោលដៅពង្រឹងពង្រីកចំណង សាមគ្គីភាព មិត្តភាព យ៉ាងជិតស្និទ្ធ​សំដៅជួយឧបត្ថម្ភទំនុកបម្រុងគាំទ្ររវាង ស្ថាប័នស៊ីវិលជាមួយកងទ័ព អោយមាន ភាព​ស្អិត​រមួត​ដូចទឹកនឹងត្រី ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ពឱ្យកាន់តែល្អ​ប្រសើរ​ឡើងក្នុងកិច្ចការពារបូរណភាពទឹកដី និងបន្តកសាងអង្គភាពរឹងមាំគ្រប់ផ្នែក ។

លោកឧត្តមសេនីយ៍បានបន្តថា៖ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ទទួលបានអំណោយតាមរយៈរដ្ឋបាលរាជធានីភ្នំពេញចំនួន ១៤លើកហើយ ។

លោកសូមប្តេជ្ញា ការពារសន្តិភាព ការពារ ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ កម្ពុជា ឱ្យ​បាន​គង់វង្ស ប្តេជ្ញាការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្តេជ្ញាប្រឆាំងដាច់ខាត​រាល់​ការញុះញង់ ពីពួគអគតិដែលគិតមិនល្អលើរាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតបុគ្គល ឬក្រុមអមិត្តណាដែលមានគំនិតផ្តួលរំលំរាជរដ្ឋាភិបាល ប្តេជ្ញាកម្ទេសចោលរាល់ជនណា​មួយដែលបង្កអស្ថេរិភាពនៅក្នុងប្រទេស ប្តេជ្ញា កម្ទេសចោលពួកឧទ្ទាមមានឧបាយកល​ធ្វើបដិវត្តន៍ពណ៌ ។

គាំទ្រពេញទំហឹងក្នុងការសម្រេចចិត្តរបស់ សម្តេចតេជោ និង សម្តេចធិបតី ដែល​បាន​យកចិត្តទុកដាក់គិតគូរខ្ពស់បំផុតដល់ប្រជាជនលើបញ្ហាទឹកដី ព្រម​ទាំងភាពចាំបាច់​ខាង​នយោបាយដើម្បី ដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឱ្យមានលទ្ធភាពប្រើប្រាស់ (CLV-DTA) បោកប្រាស់ប្រជាជនកម្ពុជាតទៅ ទៀត ដោយកម្ពុជាបញ្ចប់ការចូលរួមតំបន់​ត្រី​កោណ​រវាង កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ហើយបន្ត​អភិវឌ្ឍ​លើទឹកដីរបស់ខ្លួន ដោយមានកិច្ច​សហការជាធម្មតាជាមួយប្រទេស​ជិតខាង​ក្នុងក្រប ខណ្ឌទ្វេភាគីរវាងប្រទេសនិងប្រទេស ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner