ព្រះមហាក្សត្រនឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤ ខែកញ្ញា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅទីតាំងសួនច្បារខាងលិចវិមានឯករាជ្យ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ដើម្បីឱ្យព្រះរាជពិធីសម្ពោធខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះ យានយន្តគ្រប់ប្រភេទ នៅតំបន់ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ (ពីស្តុបវត្តលង្កា រហូតដល់ស្តុបនាគបាញ់ទឹក) និងកំណាត់មហាវិថីព្រះនរោត្តម (ពីផ្លូវលេខ២៤០ រហូតដល់ រង្វង់មូលវិមានឯករាជ្យ និងពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤) ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹករហូតដល់បញ្ចប់ព្រះរាជកម្មវិធី៕
ដោយ៖ពលជ័យ

ads banner