ព្រឹត្តិការណថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ទាក់ទាញទេសចរជាតិ អន្តរជាតិជិត ៤ម៉ឺននាក់
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ដែលជាថ្ងៃចុងបញ្ចប់នូវព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ទោះជាផ្ទៃមេឃមិនអំណោយផលក៏ប្រជាពលរដ្ឋមកពីទីជិតឆ្ងាយ ទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករបានមកប្រមូលផ្តុំខាងមុខប្រាង្គប្រាសាទអង្គរតាំងព្រឹកព្រលឹម ដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ។
សមរាត្រីប្រចាំឆ្នាំលើកទី២នេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ។ឆ្នាំនេះបើទោះជារយៈពេល៣ថ្ងៃជាប់ៗគ្នាផ្ទៃមេឃអាប់អួបន្តិចក្តី តែទេសចរជាតិ អន្តរជាតិ នៅតែបានក្រោកតាំងពីព្រលឹមស្រាងៗ មករង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះ ជាមួយនឹងការឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្តនាព្រឹកព្រហាមផងដែរ ។
អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៣ ខែកញ្ញានេះបានស្រង់ថេរដីកា ព្រះតេជគុណ សុង ពិសិដ្ឋ គង់នៅវត្តដំណាក់ ក្រុងសៀមរាបមកបញ្ជាក់ថា នេះជាលើកទីពីរដែលព្រះអង្គបាននិមន្តមកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បើទោះបីប៉ុន្មានថ្ងៃនេះអាកាសធាតុមិនអំណោយផលល្អ តែនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ ឱ្យចូលមកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទដទៃក្នុងតំបន់រមណីយដ្ឋានអង្គរ។
ដោយឡែក លោកយាយ ម៉ម វាត់ អាយុ៧៧ឆ្នាំ ភ្ញៀវទេសចរ រស់នៅក្នុងខេត្តពោធិសាត់ បាននិយាយថា នេះជាលើកទី៥ហើយ ដែលលោកយាយបានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ព្រមទាំងបាននាំបងប្អូនញាតិមិត្តមកទស្សនាថែមទៀត។លោកយាយបន្តថា បើទោះបីឃើញថា អាកាសធាតុមិនអំណោយផលល្អ តែលោកយាយនៅតែចង់មកទស្សនាប្រាសាទអង្គរវត្ត ព្រោះតែកោតសសើរស្នាដៃបុព្វបុរសខ្មែរ ដែលលោកបានកសាងអង្គរវត្ត និងប្រាសាទបុរាណជាច្រើនលើទឹកដីនៃខេត្តសៀមរាប។
បើតាមប្រភពអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត ៤ម៉ឺននាក់ បានចូលមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត។
គប្បីជម្រាបជូបថា ព្រឹត្តិការណ៍សមរាត្រីតែងតែកើតឡើងនៅចំកំពូលប្រាសាទអង្គរក្នុងមួយឆ្នាំចំនួនពីរដង គឺនៅខែមីនា និងខែកញ្ញា៕
ដោយ៖មុនី