ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកថ្លា និងសហការរី ព្រមទាំងពុទ្ធបរិស័ទ អញ្ជើញ ប្រគេនចង្ហាន់ និងទេយ្យវត្ថុ ដល់ព្រះសង្ឃ ក្នុងវេនកាន់បិណ្ឌទី៤ ចំនូន ៤វត្ត ក្នុង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
ព្រៃវែង៖ ក្នុងឱកាសចូលរួមបុណ្យភ្ជុំបិណ្ឌឆ្នាំនេះឯកឧត្តម លី វ៉ាន់ឌី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទឹកថ្លានិងលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងសហការី អាជ្ញាធរដែនដី និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៤ ចំនួន៤វត្ត មានវត្តសង្កែជ្រុំ , វត្តទឹកថ្លា ,វត្តព្រៃល្វាយ, វត្តបូតគង ដែលស្ថិតនៅក្នុងឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ត្រូវនឹង ថ្ងៃទី២១ខែកញ្ញាឆ្នា២០២៤ ។
នៅក្នុងពិធីកាន់បិណ្ឌវេនទី៤នេះ ឯកឧត្តម លី វ៉ាន់ឌី និងលោកជំទាវ រួមជាមួយមាតា ព្រមទាំងក្រុមគ្រួសារ និងសហការី អាជ្ញាធរដែនដី ពុទ្ធបរិស័ទ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្តដោយក្នុង១វត្តៗរួមមាន អង្ករ -មី -ទឹកសុទ្ធ, ទឹកក្រូច និងត្រីខកំប៉ុង ព្រមទាំងបានប្រគេនបច្ច័យកសាង សម្រាប់ទុកកសាង សមិទ្ធផលនានា ក្នុងទីអារាមវត្តផងដែរ។
បន្ទាប់មក ឯកឧត្តម លី វ៉ាន់ឌីនិងលោកជំទាវរួមជាមួយមាតា ព្រមទាំងក្រុមគ្រួសារនិងសហការីបានអញ្ជើញបង្សុកូល រាប់បាតដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និង ញាត្តិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់ វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត ។
សូមបញ្ជាក់ថាបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធធ្វើឡើងតាំងពីបុរាណកាលមកម៉្លេះ ហើយចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៤ រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ រហូតដល់ថ្ងៃទី១៥ រោច ខែភទ្របទ ត្រូវបានឲ្យឈ្មោះថាជាថ្ងៃភ្ជុំបិណ្ឌ។
ទាក់ទងនៅក្នុងបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ គឺមានតាំងពីយូរយារមកហើយ ហើយក្នុងរដូវកាលកាន់បិណ្ឌ គឺពុទ្ធបរិស័ទតែងតែនាំគ្នាធ្វើ មិនដែលអាក់ខានឡើយ លើកលែងតែប្រទេសមានសង្គ្រាម រហូតដល់ពីឆ្នាំ១៩៧៩ ដែលមានសុខសន្តិភាព ហើយក៏បានរៀបចំឲ្យមានសាសនា ឡើងវិញ ក្នុងនោះ ពុទ្ធសាសនាទូទាំងប្រទេស នៅក្នុងរដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ តែងតែគោរព នៅក្នុងរដូវកាន់បិណ្ឌភ្ជុំបិណ្ឌ ។
ដើម្បីថែរក្សាប្រពៃណីជាតិខ្មែរឲ្យបានគង់វង្សតទៅមុខទៀត សូមពុទ្ធបរិស័ទទាំងអស់គ្នាថែរក្សានូវប្រពៃណីជាតិ ដូចជាពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺបុណ្យធំមួយ ដែលសំខាន់នៅក្នុងផ្នែកពុទ្ធសាសនា ៕
ដោយ ៖ វណ្ណលុក