ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ស្នើឱ្យមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ត្រូវជំរុញសាមគ្គីភាពជាធ្លុងមួយ
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា ការងារអធិការកិច្ច ពិតជាមានភាពចាំបាច់ និងពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តកែទម្រង់ ស៊ីជម្រៅ ទូលំទូលាយ ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និង សង្គមឌីជីថល ដើម្បីសម្រេចឱ្យបាននូវ ចក្ខុវិស័យរួមគ្នាគឺ៖ «អធិការកិច្ចដើម្បីទាំងអស់គ្នាទាំងអស់គ្នា ឆ្ពោះទៅកាន់អភិបាលកិច្ចល្អ»។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ទៀតថា ដើម្បីសម្រេចឱ្យបានលទ្ធផលជាអតិបរមា ស្របទៅតាមចក្ខុវិស័យ និងបេសកកម្មជាយុទ្ធសាស្ត្រ ដែលបានលើកឡើងខាងលើ យើងទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំ ក៏ដូចជា មន្ត្រីរាជការទាំងនៅថ្នាក់ជាតិនិងក្រោមជាតិ ត្រូវជំរុញសាមគ្គីភាពជាធ្លុងមួយ។ សំដៅសម្រេច ឱ្យបានដូចខាងក្រោម៖ ត្រូវចូលរួមរក្សាទុក នូវសមិទ្ធផលចាស់ និងកសាងសមិទ្ធផលថ្មី ថ្នាក់ដឹកនាំជំនាន់មុន បានខិតខំប្រឹងប្រែងកសាងសមិទ្ធផលជាច្រើន អស់រយៈពេលជាង ៤០ឆ្នាំ នៅក្នុងវិស័យអធិការកិច្ចនេះ ដែលយើងទាំងអស់គ្នាត្រូវប្រឹងប្រែងថែរក្សា និងបន្តខិតខំអភិវឌ្ឍបន្ថែមនិងធ្វើការកែទម្រង់ ស្ថាប័នបង្កើនសមត្ថ ភាពពង្រឹងគុណភាព និងធ្វើទំនើបកម្មស្ថាប័ន ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗក៏ដូចជាប្រែក្លាយស្ថាប័ន ជារដ្ឋបាលសាធារណៈ ទំនើបមានសមត្ថភាពខ្ពស់ ខ្លាំងនិងស្អាតស្អំ។
ការបន្តលើកកម្ពស់ និងពង្រឹងស្ថាប័ន ដោយដាក់ចេញនូវអភិក្រមការងារ និង ប្រព័ន្ធការងារមួយដែលមានស្តង់ដារច្បាស់លាស់ ការកសាងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ដូចជា ច្បាប់ស្តីពីអធិការកិច្ចច្បាប់ស្តីពីបណ្ដឹងតវ៉ា និងបណ្តឹងបរិហារ គោលនយោបាយជាតិអធិការកិច្ចស្តង់ដារ អធិការកិច្ច គោលការណ៍ប្រតិបត្តិស្តង់ដារនៅក្នុងវិស័យអធិការកិច្ច និងបណ្តឹង ក្រមសីលធម៌ ៕
អត្ថបទ ៖ ហេង សម្បត្តិ
រូបភាព៖ វេង លីមហួត