ឯកឧត្តម វ៉ាត់ ចំរើន ៖ សម្តេចបវរធិបតី សម្រេចបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំង យុទ្ធគុនដូនតាខ្មែរ អភិរក្ស ដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍដើម្បីអភិរក្ស
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” បានបញ្ជាក់ថា ការត្រៀមរៀបចំការប្រកួតយុទ្ធគុនខ្មែរបុរាណ “ពានរង្វាន់សម្ដេចធិបតី” បានប្រព្រឹត្តទៅយ៉ាងរលូន លើការបណ្តុះបណ្តាល និងក្រុមការងារ រៀបចំទីលាន និងការផ្សព្វផ្សាយជាដើម ។ ការបញ្ជាក់នេះក្នុងពិធីបើកសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានការចូលរួមពីសិក្ខាកាមមកពីសហព័ន្ធពាក់ព័ន្ធទាំង ៤ រួមមានប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម និងយុទ្ធគុនចម្រុះ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ។
ឯកឧត្តម អនុប្រធានអចិន្ដ្រៃយ៍ មានប្រសាសន៍បន្តថា អាជ្ញាកណ្ដាល ចៅក្រម គឺយកមកពីគ្រប់សហព័ន្ធ ដោយអោយពួកគាត់ស្ថិតក្នុងភាពឯករាជ ក្នុងការបណ្តុះបណ្តាលលាងស្មារតីពួកគាត់អោយជ្រះស្រឡះ ដើម្បីវិនិច្ឆ័យការប្រកួតបានត្រឹមត្រូវគាត់នឹងទទួលបាននូវការចូលរួមកាន់តែច្រើនឡើង ធ្វើមានទំនុកចិត្តពីមហាជន និងមានការធានាក្នុងការផ្តល់យុត្តិធម៌ដល់អ្នកហាត់ទាំងចាស់ ក្មេង ប្រុសស្រី សម្រាប់កាត់សេចក្ដី ក្នុងការប្រកួតព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ប្រកបដោយតម្លាភាព ក្រោមស្មារតី អភិរក្ស ដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ” ។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា សម្តេចបវរធិបតី នាយករដ្ខមន្រ្តី បានចេញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល រៀបចំបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំង យុទ្ធគុនដូនតាខ្មែរ ដែលជាក្រុមជំនុំសិក្សាស្រាវជ្រាវប្រវត្តិ និងទស្សនវិជ្ជាយុទ្ធគុនដូនតាខ្មែរ បន្សល់ទុកមកឱ្យកូនខ្មែរគ្រប់ជំនាន់។
សូមបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់ សម្តេចធិបតី” នៅសល់ ២៥ថ្ងៃទៀតតែប៉ុណ្ណោះ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ ។ ដោយគិតត្រឹមថ្ងៃទី២៣ ខែកញ្ញានេះ មានកីឡាករ-កីឡាការិនីចុះឈ្មោះប្រមាណ ២៥៤នាក់ហើយ ខណៈ ២០% បានចុះឈ្មោះចូលរួមប្រកួតលើវិញ្ញាសាសម្ដែ ដូចជាខ្លាក្រាប ស្រង៉ែពេន ឬគុនដំបងជាដើម ៕
អត្ថបទ-រូបភាព ចាន់ វិចិត្រ ងីម ឆាយហួត