ព្រះមហាក្សត្រ និងហ្លួងម៉ែ ស្តេចយាងពីប្រទេសចិន មកដល់មាតុភូមិកម្ពុជាវិញ ក្រោយពីបញ្ចប់ការពិនិត្យ ព្រះរាជសុខភាព
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោយបញ្ចប់ការពិនិត្យ ព្រះរាជសុខភាពនៅប្រទេសចិន ។
ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
អំឡុងពេលអវត្តមាន ព្រះមហាក្សត្រនៅកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទីកម្ពុជា ។
ការយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ក្រុមវេជ្ជបណ្ឌិតចិន តែងយាងព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដង។ មួយដងធ្វើឡើង នៅដើមឆ្នាំ ហើយមួយដងទៀត ធ្វើឡើងចុងឆ្នាំ ។
ប្រទេសទាំងពីរ គឺជាមិត្តដ៏រឹងមាំមិនអាចបំបែកបាន ដែលទំនាក់ទំនងដ៏ស្អិតរមួតនេះ ត្រូវបានបង្កើតឡើងដោយ ព្រះបរមរតនកោដ្ឋ ជាមួយនឹងអតីតនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ខណៈដែលទំនាក់ទំនងនេះ ត្រូវបានពូនជ្រំ ជាបន្តបន្ទាប់ និងកាន់តែខ្លាំងក្លាឡើងដោយរាជរដ្ឋាភិបាល ប្រទេសទាំងពីរ នាពេលបច្ចុប្បន្ន ៕
ដោយ ៖ វណ្ណលុក