ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សំណេះសំណាលជាមួយនិវត្តន៍ជន និងមន្ត្រីដែលបម្រើការងារនៅទីស្ដីការក្រសួង ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងមន្ត្រីដែលបម្រើការងារនៅទីស្ដីការក្រសួង ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះ គឺតែងតែធ្វើឡើងជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនារបស់ព្រះរាជាណាចក្រកម្ពុជា ដែលនេះជាឱកាសដ៏ល្អ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់គិតគូរ ក្នុងនាមជាក្រុមគ្រួសារតែមួយ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាទំនៀមទម្លាប់របស់ខ្មែរ ជាកាយវិការរាប់អានញាតិមិត្ត ដែលគប្បីត្រូវប្រកាន់យកដើម្បីជ្រោងទង់ថែរក្សាវប្បធម៌នេះបានគង់វង្ស ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា នេះមិនគ្រាន់តែជាការជួបជុំសំណេះសំណាលគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមកសាងសង្គមជាតិសារជាថ្មីម្ដងទៀត ពីព្រោះក្រោយឆ្លងកាត់របបខ្មែរក្រហមរួចមក ខ្មែរក្រហមបានសំលាប់មនោសញ្ចេតនារបស់ប្រជាជនអស់គ្មានសល់ ដូច្នេះបច្ចុប្បន្ននេះ គឺជាពេលវេលាដ៏សំខាន់សំរាប់យើងក្នុងការកសាងមនោសញ្ចេតនារបស់ប្រជាជនជាថ្មីឡើងវិញ និងបោះជំហានទៅមុខទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បន្ថែមថា នេះក៏ជាពេលវេលាដ៏ល្អ និងសមស្របបំផុត ដើម្បីជំនះខ្លួនឯងក្នុងការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង បន្តនិរន្តរភាព បន្តដំណើរការរបស់ក្រសួង ទាំងការគ្រប់គ្រងក្រសួង គ្រប់គ្រងធនធានមនុស្សនិងហិរញ្ញវត្ថុ ទ្រទ្រង់នូវវប្បធម៌សាមគ្គីភាពមួយក្នុងជួរមន្ត្រីរាជការស៊ីវិល ពីព្រោះឯកឧត្តមយល់ឃើញថា ការដែលមិនបន្តនិរន្តរភាពនេះហើយ ទើបធ្វើឱ្យកម្ពុជាមានភាពទន់ខ្សោយ និងបែកបាក់ក្នុងប្រវត្តិសាស្ត្រ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ពាក្យថា «កសាងជាតិ» មានន័យថាធ្វើឱ្យប្រាក់សន្សំរបស់ប្រជាជនម្នាក់ៗមានការកើនឡើងក្នុងសង្គមជាតិ ក៏ដូចជាក្នុងគ្រួសារ ដូច្នេះទើបរាជរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងដាក់ចេញនូវយុទ្ធសាស្ត្រនានាសំដៅបង្កើនជីវភាពរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើង និងកែប្រែមុខមាត់ប្រទេសជាតិឱ្យមានការវិវត្តរីកចម្រើនបន្ថែមទៀត ។
សូមបញ្ជាក់ថា ៖ ការជួបសំណេះសំណាលនេះគឺជាមួយនិវត្តន៍ជនចំនួន ៧៤៨រូប មន្ត្រីនគរបាលការពារទីស្ដីការក្រសួងចំនួន ១២រូប បុគ្គលិកអនាម័យចំនួន ២២រូប អ្នកថែសួនចំនួន ៧រូប និងមន្ត្រីជាប់កិច្ចសន្យាចំនួន ១១៦រូប ដែលបម្រើការងារនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៕
ដោយ / គ្រី សម្បត្តិ