អភិបាលខេត្តកំពង់ធំចុះពិនិត្យស្ថានភាពនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងមន្រ្តីក្រុមការងារបានអញ្ជើ​ញពិនិត្យស្ថានភាពជាក់​ស្តែងនៅ​តំបន់ព្រៃលិចទឹកបឹងទន្លេសាបនៅរដូវបិទនេសាទ និងពិនិត្យមើល​ការរស់នៅរបស់​បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំផាត់​សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងបេសកកម្មកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤​ ឯកឧត្តម នួន ផារ័ត្ន បានចុះពិនិត្យស្ថានភាពនៅ​ចំណុច​មួយចំនួនដូចជា តំបន់ចុង​ព្រែឆ្កោក តំបន់ក្រឡុកបាយក្អែក តំបន់ត្រួយវែង តំបន់ព្រែកបា តំបន់​ព្រែកតាសោម តំបន់ព្រែកជើងលោង និងតំបន់មុំបី ដែលជាទឹកដីជាប់​ព្រំប្រទល់រវាងខេត្តទាំងបី រួមមាន ខេត្តកំពង់ធំ ពោធិសាត់ និងខេត្ត​កំពង់​ឆ្នាំង ។

ខណៈជួបជាមួយអាជ្ញាធរ មន្រ្តីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវដល់សហគមន៍នេសាទទាំងអស់ និងអាជ្ញាធរ​សូមបន្តផ្សព្វផ្សាយពីច្បាប់នេសាទជូនដល់ប្រជា​ពលរដ្ឋ​នៅក្នុងតំបន់នេះ នៅរដូវបិទនេសាទ និងរដូវត្រីពងកូន ។ដោយ​ឡែកគ្រប់​សហគមន៍ទាំងអស់ក៏ត្រូវរៀបចំជាតំបន់អេកូទេសចណ៍​ធម្មជាតិ ដើម្បីទាក់ទាញទេសចរជាតិ អន្តរជាតិ មក​ទស្សនា​សត្វស្លាប ទស្សនាផ្ទះបណ្ដែតទឹក ជីវៈចម្រុះ ។ល។ពីព្រោះនៅបណ្ដាទីតាំងទាំង​នេះសុទ្ធសឹងតែមានសក្ដានុពលទេសចរណ៍ផងដែរ​ បន្ថែមលើមុខរប​រ​នេសាទ។ធ្វើបែបនេះនឹងបង្កើនចំណូលសម្រាប់គ្រួសារផងដែរ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner