ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា កិច្ចការរៀបចំដែនដី ត្រូវកំណត់ទិសដៅឱ្យបានច្បាស់លាស់ ដើម្បីឱ្យកម្ពុជាឆ្ពោះទៅមុខ និងក្លាយទៅជាប្រទេសចំណូលកម្រិតខ្ពស់
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា កិច្ចការរៀបចំដែនដី គឺដល់ពេលវេលាហើយដែលយើងត្រូវកំណត់ទិសដៅឱ្យបានច្បាស់លាស់ ដើម្បីឱ្យកម្ពុជាធ្វើដំណើរឆ្ពោះទៅមុខ និងធ្វើយ៉ាងណាកែប្រែឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅប្រទេសដែលមានចំណូលខ្ពស់ នាឆ្នាំ២០៥០ ។
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតី វគ្គបំពាក់បំប៉នស្ដីពីការអនុវត្តការងារកសាងផែនការប្រើប្រាស់ដីឃុំ សង្កាត់ ទីប្រជុំជន ក្រុង ស្រុក នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។
ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម បានឱ្យដឹងថា វគ្គបំពាក់បំប៉ននេះមានរយៈពេល ៣ ថ្ងៃ ជាឱកាសសម្រាប់មន្ត្រីបង្គោលទទួលបន្ទុកការងាររៀបចំដែនដី និងនគរូបនីយកម្មនៅថ្នាក់ក្រោមជាតិ និងអ្នកស្ម័គ្រចិត្តអនុវត្តការងារកសាងផែនការប្រើប្រាស់ដីឃុំ សង្កាត់ជាទីប្រជុំជន ក្រុង ស្រុក ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងវិធីសាស្ត្រប្រមូលទិន្នន័យ ការវិភាគទិន្នន័យ ការសរសេររបាយការណ៍បច្ចេកទេស និងការប្រើប្រាស់កម្មវិធីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) សម្រាប់ការពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាព ដល់ការអនុវត្តការងារជាក់ស្តែងពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្មប្រកបដោយឆន្ទៈ ការប្តេជ្ញាចិត្តខ្ពស់ និងស្មារតីទទួលខុសត្រូវ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនោះមានការចុះបញ្ជីដីធ្លីបង្ហើយ និងការរៀបចំទីក្រុង ទីប្រជុំជន ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការរក្សាភាពធន់របស់ទីក្រុង ការកសាងនិងអភិវឌ្ឍន៍តំបន់ជនបទឱ្យក្លាយជាបុរីជនបទ ដែលមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់សម្រាប់ប្រជាពលរដ្ឋងាយស្រួលរស់នៅ ក្លាយជាភូមិឋានក្សេមក្សាន្តផ្ដល់ទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋ រក្សាបាននូវគុណតម្លៃនៃការរស់នៅរបស់ប្រជាជនគ្រប់រូបសម្រាប់ជំនាន់នេះ និងជំនាន់ក្រោយៗទៀត ។
ជាមួយគ្នានេះ ឯកឧត្តមឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្វីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងតែអនុវត្តនាពេលបច្ចុប្បន្ននេះ គឺជាការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចំណុចអាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ហើយក្រសួងបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការដាក់ចេញនូវគោលការណ៍នានា ក្នុងនោះមានការបណ្ដុះបណ្ដាលធនធានមនុស្សតាមរយៈការបើកវគ្គបំពាក់បំប៉ន ឬសិក្ខាសាលាជាដើម ដើម្បីសម្រេចបាននូវបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ ទាំងនៅទីក្រុង និងទីជនបទ កុំឱ្យមានគម្លាតឆ្ងាយពីគ្នា និងជំរុញឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្លាយជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០ខាងមុខ ៕
ដោយ / គ្រី សម្បត្តិ