គ្រូពេទ្យច្បាស់ និងពូកែព្យាបាល ទើបអ្នកជម្ងឺ ឆាប់ជា
ភ្នំពេញ៖ ជាទូទៅ អ្នកជម្ងឺ តែងតែស្វែងរកគ្រូពេទ្យដែលច្បាស់ និងពូកែព្យាបាល ទើបធ្វើឱ្យជម្ងឺរបស់គាត់ឆាប់ជាសះស្បើយ ។ នេះជាការលើកឡើងរបស់ឯកឧត្តម លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយដល់យោធិនរបួស មានជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។
តាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា បានបង្ហាញថា ប្រធានមន្ទីរពេទ្យ ដឹកនាំបានល្អ ទាំងថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកមន្ទីរពេទ្យ បានយកអស់ស្មារតីទទួលខុសត្រូវរបស់ខ្លួន ខិតខំបំពេញភារកិច្ចប្រកបដោយភាពទន់ភ្លន់ និងមានជំនាញវិជ្ជាជីវៈខ្ពស់ ក្នុងការពិនិត្យព្យាបាលនិងថែទាំអ្នកជម្ងឺ ។
មិនតែប៉ុណ្ណោះ មន្ទីរពេទ្យ បានបន្តធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ សំណង់អាគារថ្មីមួយចំនួនថែមទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ នៃបរិមាណអ្នកជម្ងឺ ។ ទន្ទឹមនឹងនេះក្រសួងការពារជាតិ ក៏បានបំពាក់សម្ភារៈបរិក្ខារពេទ្យទំនើបៗបន្ថែមមួយចំនួន ដែលជាជំនួយរបស់ប្រទេសជាមិត្តផង និងទិញបំពាក់ដោយផ្ទាល់ផង ដើម្បីបង្កើននិងពង្រឹងកម្រិតសមត្ថភាពបច្ចេកទេស ព្យាបាលជម្ងឺឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
មន្ទីរពេទ្យព្រះកេតុមាលា ទើបទទួលបានសមិទ្ធផលថ្មីមួយទៀត គឺ “អាគារសម្តេចពិជ័យសេនា ទៀ បាញ់ ១៧៧” ដែលទើបបានសម្ពោធដាក់អោយប្រើប្រាស់កន្លងមកនេះ។ បច្ចុប្បន្ន គ្រូពេទ្យ សុទ្ធសឹងតែបានបញ្ចប់នូវវគ្គជំនាញទាំងកម្រិតបឋម មធ្យម និងកម្រិតជាន់ខ្ពស់ នៅតាមសាលាវិជ្ជាជីវៈពេទ្យច្បាស់លាស់ ដែលអាចពិនិត្យនិងព្យាបាលជម្ងឺយ៉ាងមានប្រសិទ្ធភាព ។
ឯកឧត្តម បានបញ្ជាក់ថា កងទ័ព គឺជាកម្លាំងស្នួលចាំបាច់បំផុតក្នុងខឿនការពារប្រទេសជាតិ មាតុភូមិ និងបូរណភាព ទឹកដី មិនអាចខ្វះបាន ខណៈកន្លងមកប្រទេសយើង បានធ្លាក់ក្នុងភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ ចាប់តាំងពីទសវត្សរ៍ទី៦០ រហូតដល់ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក៏សង្គ្រាមផ្ទៃក្នុងនៅតែបន្តជាមួយភាគីខ្មែរក្រហម រហូតដល់ឆ្នាំ១៩៩៨ ទើបយើងទទួលបានសន្តិភាពទាំងស្រុង។ សន្តិភាព ដែលទទួលបានមកនេះ គឺកើតចេញពីកម្លាំងមហាសាមគ្គីភាព ការបង្រួបបង្រួមជាតិតែមួយ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់អគ្គមគ្គុទ្ទេសដ៏ឆ្នើមបំផុតនៃយើងគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ឯកឧត្តម លី កុសល បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកបម្រើការទាំងអស់ក្នុងមន្ទីរពេទ្យព្រះកេតុមាលា ត្រូវខិតខំគោរពរក្សាឲ្យបានល្អនូវក្រមសីលធម៌ វិជ្ជាជីវៈ របស់ខ្លួនក្នុងនាមជាគ្រូពេទ្យ, ត្រូវមានអាកប្បកិរិយា អត្តចរិក កាយវិការទន់ភ្លន់ សំដីសុភាពរាបសា សីលធម៌ល្អក្នុងការទំនាក់ទំនងផ្ទាល់ជាមួយអ្នកជម្ងឺ ក៏ដូចជា មហាជន ប្រជាជនផងដែរ ។
ឯកឧត្តម លី កុសល បាននាំយកអំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ៣លានរៀល ជូនមន្ទីរពេទ្យព្រះកេតុមាលា និងជូនយោធិនកំពុងសម្រាកព្យាបាលជម្ងឺចំនួន ៣០៧នាក់ផងដែរ ៕
ដោយ ៖ វណ្ណលុក