ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងក្រសួងពាណិជ្ជកម្ម តំណាងវិស័យឯកជន ចូលរួមកម្មវិធី “ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល លើកទី៣” នៅ ប្រទេសចិន
ប្រទេសចិន៖ ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងវិស័យឯកជនកម្ពុជា ចូលរួមកម្មវិធី “ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល លើកទី៣” កាលពីថ្ងៃទី២៥ ខែកញ្ញា ២០២៤ នៅក្រុងហាងចូវ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ចឹង ជានប៉ាង អនុប្រធានសភាប្រជាជនចិន ឥស្សរជននៃរដ្ឋាភិបាលប្រទេសចិន ក្រុមហ៊ុនពាណិជ្ជកម្មឌីជីថលលំដាប់កំពូលសរុបជាង១៥០០ មកពីប្រទេសចិននិងបណ្ដាប្រទេសនានា និងតំណាងប្រទេស អង្គការអន្តរជាតិ និងស្ថាប័នដៃគូចំនួន១០៣។
ក្នុងនោះដែរ ឯកឧត្តមន្ត្រីបានថ្លែងសន្ទរកថាគន្លឹះនៅក្នុងកម្មវិធីដាក់សម្ពោធថ្ងៃពាណិជ្ជកម្មអេឡិចត្រូនិចផ្លូវសូត្រ (Silk Road E-commerce Day Launching) និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហការរវាងស្ថាប័នរដ្ឋនិងឯកជន ក៏ដូចជាបណ្ដាប្រទេសនៅក្នុងតំបន់ និងពិភពលោក ការអភិវឌ្ឍបណ្ដាញតភ្ជាប់និងប្រព័ន្ធសន្តិសុខសាយប័រ ដើម្បីជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចឌីជីថល។
កម្មវិធីនេះ គឺជាពិព័រណ៍ពាណិជ្ជកម្មឌីជីថលកម្រិតអន្តរជាតិកម្រិតខ្ពស់បំផុតរវាងប្រទេសចិននិងប្រទេសជាដៃគូទាំងអស់។ កម្មវិធីនេះនឹងជំរុញឱ្យមានកិច្ចសហការកាន់តែស្អិតរមួតរវាងវិស័យឯកជននៃប្រទេសចិន និងប្រទេសដៃគូ រួមទាំងកម្ពុជា ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសនានា។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញកាត់ខ្សែបូបើកពន្លាជាតិកម្ពុជា ព្រមទាំងទស្សនាពិព័រណ៍នៅពន្លាខេត្តចឺជាំង និងស្តង់ពិព័រណ៍របស់ក្រុមហ៊ុន Alibaba ក្នុងតំបន់ពិព័រណ៍ដែលមានផ្ទៃដីសរុប ១៥០ ០០០ ម៉ែត្រការ៉េ៕
ដោយ ង៉ាន់ ទិត្យ