ប្រជាពលរដ្ឋចេះបណ្តុះកូនឈើ និងនាំយកទៅដាំដោយផ្ទាល់ដៃ ចេញពីបេះដូង ធ្វើឱ្យពួកគាត់ស្រឡាញ់ព្រៃឈើកាន់តែខ្លាំង
មណ្ឌលគីរី៖ មន្រ្តីជាន់ខ្ពស់ ក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើង ប្រជាពលរដ្ឋដេលរសនៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិ មានផ្នត់គំនិតបណ្តុះកូនឈើ ដើម្បីនាំយកទៅដាំដោយផ្ទាល់ដៃ ដែលចេញពីបេះដូងរបស់គាត់ នោះនឹងធ្វើឱ្យពួកគាត់ស្រឡាញ់ព្រៃឈើកាន់តែខ្លាំង ហើយពួកគាត់នឹងមិនអាចទៅកាប់ដើមឈើដែលដាំដោយផ្ទាល់ដៃនោះទេ។
ការលើកឡើងបែបនេះរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុងទស្សនកិច្ច នៅថ្នាល់បណ្តុះកូនឈើ របស់សហគមន៍ពូត្រុំ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ឯកឧត្តម បានថ្លែងថា ការផ្តល់ឱកាសដល់ប្រជាសហគមន៍ រួមគ្នាបណ្តុះកូនឈើនេះ គឺបានបានផ្តល់ប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍ តាមរយៈអត្ថប្រយោជន៍ជាច្រើនៃសម្បូរបែបនេះនៃព្រៃឈើ ជាពិសេសពួកគាត់អាចទាញប្រយោជន៍ពីធនធានធម្មជាតិ តាមរយៈទេសចរណ៍ធម្មជាតិ។
ឯកឧត្តម បានបន្តថា ក្រសួងបរិស្ថាន រួមជាមួយអង្គការ WCS បានប្រឹងប្រែងបណ្តុះផ្នត់គំនិត ពន្លងបៃតងជាមួយសហគមន៍។ តាមរយៈការខិតខំបណ្តុះផ្នត់គំនិតបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋបានបណ្តុះកូនឈើដោយខ្លួនឯង ហើយយកទៅដាំដោយផ្ទាល់ដៃ ដូច្នេះ សង្ឃឹមថាពួកគាត់នឹងមិនចូលព្រៃ ដើម្បីកាប់ឈើបន្តទៀតនោះទេ ត្រង់ចំណុចនេះ គឺជាជម្រើសថ្មី ដើម្បីថែរក្សាការពារព្រៃឈើឱ្យនៅគង់វង្សផងដែរ។
បើតាមការឱ្យដឹងរបស់លោក នេត្រ វិបុល អនុប្រធានអង្គការ WCS បានបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៤ កូនឈើចម្រុះ១៦ប្រភេទប្រមាណជាង ១០ម៉ឺនដើម ត្រូវបានរៀបចំសម្រាប់ដាំលើផ្ទៃដីព្រៃដែលរេចរឹលក្នុងដែនជម្រកសត្វព្រៃកែវសីមា និងចែកចាយទៅតាមស្ថាប័នរដ្ឋនិងប្រជាពលរដ្ឋដើម្បីដាំនៅទីសាធារណៈនានា។ កូនឈើប្រមាណ ៦៧,០០០ដើម ត្រូវបានដាំរួចរាល់លើផ្ទៃដីសរុបប្រមាណជាង ១៣០ហិកតាក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ប្រជាសហគមន៍ប្រមាណ៨០០នាក់ បានចូលរួមក្នុងការដាំកូនឈើទាំងនេះ។
សម្រាប់លោក ព្រេង សុខសារី ជាប្រធានសហគមន៍ពូត្រុំ បានឱ្យដឹងថា ការសម្រេចចិត្តបណ្តុះកូនឈើនេះ គឺដើម្បីចូលរួមបង្កើនគម្របព្រៃឈើនៅក្នុងសហគមន៍ឱ្យមានចំនួនកាន់តែច្រើន ជាពិសេសធ្វើឱ្យខេត្តមណ្ឌលគិរី មានសម្រស់បៃតង ព្រមទាំងចង់ឱ្យសហគមន៍ផ្សងៗទៀត ចូលរួមសកម្មភាពបណ្តុះ និងដាំកូនឈើឱ្យបានច្រើន ដើម្បីចូលរួមជាមួយក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាល ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន ៦០ភាគរយ នៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយក្រសួងបរិស្ថាន កំពុងអនុវត្តគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការបាត់បង់ និងការ រេចរឹលនៃព្រៃឈើ (REDD+) ក្នុងដែនជម្រកសត្វព្រៃកែវសីមា និងសម្រប សម្រួល កៀរគរថវិកាសម្រាប់ការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមាពីម្ចាស់ជំនួយដូចជា USAID AFD USFWS CAMPAS UNDP MRLG និងថវិកាគម្រោងរេដបូកកែវសីមា។ គម្រោងផ្តោតលើសកម្មភាពសំខាន់ៗដូចជា៖ ការពង្រឹងសមត្ថភាពក្នុងការអនុវត្តច្បាប់ ការគ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍ ការលើកកម្ពស់ជីវភាពរបស់សហគមន៍ និងការតាមដានជីវៈចម្រុះ។
គម្រោងបាននឹងកំពុងតែធ្វើការជាមួយសហគមន៍ជនជាតិដើមភាគតិចព្នង (ពូង) ប្រមាណ ២០គ្រួសារ ក្នុងការបង្កើតថ្នាលបណ្តុះកូនឈើកម្រិតសហគមន៍ ក្នុងការ ផលិតកូនឈើបន្ថែមសរុបប្រមាណ១០.០០០ដើម ដើម្បីចូលរួមក្នុងកម្មវិធីដាំ ស្តារព្រៃ ឈើក្នុងតំបន់សហគមន៍នៃដែនជម្រកសត្វព្រៃកែវសីមាក្រោមការគាំទ្របច្ចេកទេស របស់គម្រោងរេដបូកកែវសីមា។ ថ្នាលបណ្តុះកូនឈើចំនួនបីកន្លែងធំៗ ក្នុងដែន ជម្រកសត្វព្រៃកែវសីមាកំពុងត្រូវ បានរៀបចំ ដើម្បីបណ្ដុះកូនឈើបន្ថែមប្រមាណ ៥០,០០០ដើម សម្រាប់ឆ្នាំ២០២៤-២០២៥។ កម្មវិធីដាំស្តារព្រៃឈើឡើងវិញ ក្នុងគម្រោង រេដបូកកែវសីមា ជាគំនិតផ្តួចផ្តើមក្រោមកិច្ចសហការរវាងអង្គការ WCS កម្ពុជា មន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីនិងខេត្តក្រចេះ និង USAID មរតកបៃតង៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា