គម្រោងខ្នាតយក្សតម្លៃ ១៧ពាន់លានដុល្លារ នឹងធ្វើបដិវត្តពាណិជ្ជកម្មទ្វីបចំនួនបី
បរទែស ៖ គម្រោងខ្នាតយក្សថ្មីមួយ មានឈ្មោះថា ច្រករបៀងសេដ្ឋកិច្ចឥណ្ឌា-មជ្ឈិមបូព៌ា-អឺរ៉ុប (IMEC) មានតម្លៃប្រហែល ១៧ពាន់លានដុល្លារ នឹងត្រៀមធ្វើបដិវត្តពាណិជ្ជកម្មនៅទូទាំងទ្វីបទាំងបី ដោយតភ្ជាប់មនុស្សជិត ២ពាន់លាននាក់ តាមរយៈបណ្តាញផ្លូវដែក កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Express។
គម្រោងដ៏ធំសម្បើមនេះ ត្រូវបានប្រកាសក្នុងអំឡុងកិច្ចប្រជុំកំពូល G20 កាលពីខែកញ្ញា ឆ្នាំ២០២៣ ហើយច្រករបៀងនេះ គឺជាគំនិតផ្តួចផ្តើមរួមគ្នាពាក់ព័ន្ធនឹងប្រទេសឥណ្ឌា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
គោលដៅចម្បងនៃគម្រោងនេះ គឺបង្កើតផ្លូវពាណិជ្ជកម្មដោយផ្ទាល់ និងមានប្រសិទ្ធភាព ដែលនឹងកាត់បន្ថយការពឹងផ្អែកលើព្រែកជីកស៊ុយអេ ដែលជាច្រកផ្លូវទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោក។
ច្រករបៀង IMEC នឹងមានផ្លូវបឋមចំនួនពីរ ក្នុងនោះមានច្រករបៀងខាងកើត តភ្ជាប់ប្រទេសឥណ្ឌាទៅកាន់ឈូងសមុទ្រអារ៉ាប់ និងច្រករបៀងភាគខាងជើង ដែលតភ្ជាប់ឈូងសមុទ្រអារ៉ាប់ទៅអឺរ៉ុប តាមរយៈផ្លូវដែក និងសមុទ្រ។
បណ្តាញផ្លូវដែក និងផ្លូវសមុទ្រនេះ នឹងអនុញ្ញាតឱ្យការដឹកជញ្ជូនទំនិញកាន់តែលឿន និងជួយកាត់បន្ថយថ្លៃដឹកជញ្ជូន រួមជាមួយការចំណេញពេលវេលា និងមានប្រសិទ្ធភាពជាងការប្រើប្រាស់ផ្លូវសមុទ្រពីមុន។
ក្រៅពីការដឹកទំនិញ ច្រករបៀងនេះទៀតសោត នឹងរួមបញ្ចូលបំពង់ថាមពល, ខ្សែកាបអុបទិកសម្រាប់ការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផលិតថាមពលស្អាត រួមទាំងអ៊ីដ្រូសែនបៃតងផងដែរ។
អ្នកជំនាញណែនាំថា គម្រោងនេះ នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសឥណ្ឌា មជ្ឈិមបូព៌ា និងអឺរ៉ុប ហើយជំរុញកិច្ចសហប្រតិបត្តិការផ្នែកនយោបាយកាន់តែស៊ីជម្រៅ ក្នុងចំណោមប្រជាជាតិនានាដែលពាក់ព័ន្ធ។
នៅពេលបញ្ចប់ការសាងសង់ ច្រករបៀងថ្មីនេះ នឹងមិនត្រឹមតែសម្រួលពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបចំឡើងវិញនូវទិដ្ឋភាពពាណិជ្ជកម្មពិភពលោកផងដែរ៕
ប្រភព៖ Express.co.uk ប្រែសម្រួលដោយ៖ ឈឹម ទីណា