រដ្ឋធានីរបស់អេក្វាទ័ររងការគំរាមកំហែងពីភ្លើងឆេះព្រៃដ៏កំណាច

គីតូ ៖ រដ្ឋាភិបាលអេក្វាទ័របានឱ្យដឹងថា រដ្ឋធានីគីតូ កាលពីថ្ងៃអង្គារ បានគ្របដណ្តប់ដោយផេះ និងផ្សែងចេញពីភ្លើងឆេះព្រៃចំនួន៥ ក្នុងពេលដំណាលគ្នា។

ភ្លើងឆេះព្រៃចំនួន៥ ដែលកើតឡើងក្នុងពេលដំណាលគ្នា បានវាយប្រហារទីក្រុងគីតូដោយបង្កឱ្យផេះ និងផ្សែងបង្កហានិភ័យហោះអណ្តែតពាសពេញរដ្ឋធានីរបស់ប្រទេសអេក្វាទ័រមួយនេះ។

តាមរយៈបណ្តាញសង្គម X អភិបាលក្រុងគីតូ លោក Pabel Munoz បានពណ៌នាអំពីស្ថានភាពភ្លើងឆេះព្រៃថា “កាន់តែធ្ងន់ធ្ងរនៅពេលនេះ” ហើយថា មានភ្លើងឆេះព្រៃយ៉ាងហោចណាស់ចំនួន៥។ លោកបន្តថា ការ ប្រយុទ្ធ ប្រឆាំង នឹង អណ្តាតភ្លើង នឹង មិន បញ្ចប់ នៅ ប៉ុន្មាន ម៉ោង ខាង មុខ ទៀត ទេ វា នឹង បន្ត ពេញ មួយ យប់។

សាលាក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាង ១០០គ្រួសារត្រូវបានជម្លៀសទៅតំបន់មានាុវត្ថិភាព ដែលនេះជាវិធានការប្រុងប្រយ័ត្ន ខណៈដែលក្រសួងអប់រំបានសម្រេចបិទសាលារៀនក្នុងតំបន់នៃទីប្រជុំជន គីតូ។

ប្រធានាធិបតីអេក្វាទ័រ លោក Daniel Noboa បាន កៀរគរ កង កម្លាំង ប្រដាប់ អាវុធ ដើម្បដើម្បីឆ្លើយតបនឹងភ្លើងឆេះព្រៃ។ គាត់បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា ឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យ នឹងមកគាំទ្រភ្លាមៗ នៅពេលដែលអាកាសយានិកអាចបំពេញបេសកកម្មរបស់ពួកគេដោយសុវត្ថិភាព។ រីឯសេវាកម្មពន្លត់អគ្គីភ័យក៏ត្រូវបានដាក់ពង្រាយផងដែរ។

ទន្ទឹមគ្នាក៏មានរបាយការណ៍អំពីផេះបានធ្លាក់នៅភាគខាងជើងនៃទីក្រុង និងនៅក្នុងមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ប្រទេសអេក្វាទ័រកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេល៦ទសវត្សរ៍។ តួយ៉ាង ក្នុងពេលមួយឆ្នាំកន្លងមក ភ្លើងឆេះព្រៃចំនួន ៣,៣០២លើក ត្រូវបានកត់ត្រា ដោយពួកវាបានដុតបំផ្លាញរុក្ខជាតិចំនួន ៣៧,៨០៨ហិកតា។

ចំណែកមនុស្ស ១៤នាក់បានរងរបួស និង៧៩៧នាក់ទៀតរងផលប៉ះពាល់ និងសត្វចិញ្ចឹមចំនួន ៤៤,៧៤២ក្បាលបានងាប់ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនាពេលថ្មីៗនេះ ដោយលេខាធិការដ្ឋានហានិភ័យអេក្វាទ័រ។

ក្នុង ចំណោម ខេត្ត ទាំង ២៤ របស់ ប្រទេស នេះ មាន ខេត្ត ចំនួន២០ កំពកំពុងប្រកាសអាសន្នកម្រិតពណ៌ ក្រហម ដោយ សារ វិបត្តិ ទឹក ដែល កំពុង បង្ក គ្រោះ ថ្នាក់ ដល់ ដំណាំ ចំនួន ៤០,០០០ហិកតា៕

ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner