ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំ រដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការយុទ្ធសាស្រ្ត ស្ដីពីការពង្រឹងសន្តិសុខរយៈពេលខ្លី មធ្យម និងវែង ឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែង
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឯកឧត្តម លោកជំទាវ ជាអភិបាល នៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ដឹកនាំមន្រ្តីពាក់ព័ន្ធ ជាពិសេសស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ពិនិត្យនិងកែសម្រួលផែនការយុទ្ធសាស្រ្តស្ដីពីការពង្រឹងសន្តិសុខក្នុងដែនរដ្ឋបាលរបស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបការវិវត្តន៍ប្រែប្រួលរបស់សង្គមជាតិ និងពិភពលោក។ ការណែនាំពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ រៀបចំនៅទីស្ដីការក្រសួង នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា រាជធានី ខេត្តនីមួយៗ មានស្ថានភាពភូមិសាស្រ្ត ប្រជាសាស្រ្ត និងសេដ្ឋកិច្ចជាដើម មិនដូចគ្នាទេ។ ជាក់ស្ដែងស្ថានភាពសន្តិសុខខេត្តជាប់ព្រំដែនសមុទ្រ មានលក្ខណៈខុសគ្នាច្រើនពីខេត្តជាប់ព្រំដែនគោក។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញឱ្យប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវ រួមគ្នាជាមួយមន្រ្តីពាក់ព័ន្ធកែសម្រួលផែនការយុទ្ធសាស្រ្ត ស្ដីពីការងារពង្រឹងសន្តិសុខ ឱ្យមានភាពស៊ីចង្វាក់គ្នាទៅនឹងស្ថានភាពជាក់ស្ដែង ពោលគឺមិនអាចកំណត់បញ្ហា ឬដាក់គោលដៅរំពឹងទុក ដោយយកលំនាំដូចៗគ្នានោះឡើយ។ ត្រង់ចំណុចនេះ ឯកឧត្តមរំលឹកថា ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃក៏បានជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុពិនិត្យលើការងារនេះផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំជាថ្មីទៀត ឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្តយកចិត្តទុកដាក់តាមដាន កែលម្អ និងគាំទ្របន្ថែមទៀត ដល់តួអង្គសំខាន់ៗដែលនៅកៀកនិងប្រជាពលរដ្ឋ រួមមានក្រុមប្រឹក្សានិងស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍ និងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ មេភូមិ អនុភូមិ នាយក និងលោកគ្រូអ្នកគ្រូ នៃសាលារៀនតាមបណ្ដាភូមិ ប៉ុស្តិ៍សុខភាពឃុំ សង្កាត់ ព្រមទាំងក្រុមកម្លាំងប្រជាការពារ ដើម្បីឱ្យតួអង្គទាំងនេះ បានបំពេញតួនាទីស្របតាមច្បាប់ និងឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការនានារបស់ប្រជាពលរដ្ឋ ជាពិសេសអនុវត្តន៍បានត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕
ដោយ / គ្រី សម្បត្តិ