នាយករដ្ឋមន្ត្រី បញ្ជាទៅរដ្ឋមន្ត្រីយុត្តិធម៌ ប្ដឹងទៅសាលាឧទ្ធរណ៍ ករណីបើកបរបុកមនុស្សស្លាប់ ៤នាក់ ជាប់ទោសត្រឹម ៥ឆ្នាំ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្ដឹងទៅសាលាឧទ្ធរណ៍ ឱ្យពិនិត្យសំណុំរឿងអ្នកបើករថយន្តក្នុងស្ថានភាពស្រវឹង បុករះបណ្ដាលឱ្យស្លាប់មនុស្ស ៤នាក់ភ្លាមៗ នៅក្រោមស្ពានអាកាសឫស្សីកែវ ក្រោយតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារត្រឹម ៥ឆ្នាំ ដោយសម្តេច មិនអស់ចិត្តនឹងទម្ងន់ទោសនេះឡើយ ព្រោះជនបង្កជាប់ពន្ធនាគារស្រាលពេក ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាដូច្នេះក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។
ថ្លែងក្នុងពិធីនេះ សម្ដេចធិបតី បានទាមទារឱ្យមានការសើរើសំណុំរឿងឡើយវិញ ដោយសម្ដេច បញ្ជាទៅឯកឧត្តម កើត រិទ្ធ ថា៖ សូមឯកឧត្ដម កើត រិទ្ធិ ប្រគល់ភារកិច្ចជូនអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ឱ្យពិនិត្យមើលថា តើការសម្រេចនេះ មានទម្ងន់គ្រប់គ្រាន់ តាមច្បាប់ជាធរមានឬនៅ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុក ជាករណីគំរូ ដល់អ្នកបើកបរក្នុងស្ថានភាពស្រវឹងផ្សេងទៀត ។ ក្នុងករណីពិនិត្យសំណុំរឿងហើយ ឃើញថា ច្បាប់ពុំមានចែងពីការដាក់ទោសឱ្យធ្ងន់ជាងនេះ សម្ដេច ក៏បញ្ជាក់ឱ្យឯកឧត្តម កើត រិទ្ធ ដែលជាអ្នកដឹកនាំធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ និងច្បាប់ផ្សេងទៀត ពិនិត្យកែសម្រួលស្ថានទម្ងន់ទោសផងដែរ ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២៤ តុលាការ បានបើកសវនាការ ដើម្បីប្រកាសសាលក្រមលើសំណុំរឿងបើករថយន្តទាំងស្រវឹង បុករះស្លាប់មនុស្ស ៤នាក់ នៅក្រោមស្ពានអាកាសឫស្សីកែវ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដោយតុលាការ បានសម្រេចផ្តន្ទាទោសកម្រិតអតិបរមា ដាក់ពន្ធនាគារចំនួន ៥ឆ្នាំ និងពិន័យមិនឱ្យបើកបរចំនួន ៥ឆ្នាំ ក្រោយចេញពីពន្ធនាគារ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ