នាយករដ្ឋមន្រ្តី ពន្យល់អំពីអត្ថន័យ និងមូលហេតុនៃការបង្កើតឱ្យមាន CLMV ដែលជាយន្តការរបស់អាស៊ាន បង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍នៅប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម
(ភ្នំពេញ)៖ ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សរុប ៣ ៥៣០នាក់ (នារី ១ ៨២២នាក់) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់អំពីអត្ថន័យ និងមូលហេតុនៃការបង្កើតឱ្យមាន CLMV ដែលជាយន្តការមួយរបស់អាស៊ានបង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីជួយជម្រុញការអភិវឌ្ឍដល់ប្រទេសអាស៊ានថ្មីទាំង៤ រួបមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពេលដែលប្រទេសខ្មែរ ប្រទេសភូមា ប្រទេសវៀតណាម និងប្រទេសឡាវ ចូលអាស៊ាន គេហៅថាប្រទេសអាស៊ានថ្មី ៤ប្រទេស, អាស៊ានមាន ១០ ហើយ ៤ប្រទេសនេះ សេដ្ឋកិច្ចក្រោយគេ ដើរក្រោយគេ ខ្សោយជាងគេពេលឆ្នាំ២០០០ ។ អីចឹង ពេលដែលចូល ប្រទេសអាស៊ាន៦ ដែលមានសេដ្ឋកិច្ចខ្ពស់ៗ ព្រួយបារម្ភអំពីគម្លាត, ដោយដែគូគ្នា ១០នាក់ ៤នាក់ក្រោម ៦នាក់ខ្លាំង ដាក់ផែនកាទៅរួមយ៉ាងមិចកើត? អីចឹងមានតែបង្កើតប្លុកហ្នឹង គឺ CLMV ហើយនេះ គឺជាការសម្រេចចិត្តរបស់អាស៊ាន ទាំង ១០ប្រទេស នៅឆ្នាំ២០០០ ដើម្បីបង្កើតយន្តការនេះ ដើម្បីអាស៊ានប្រទេសអ្នកមាន៦ មកជួយ ៤ប្រទេសទៀត ឱ្យកើនបានលឿន ដើម្បីឱ្យអាស៊ាន សមាហរណកម្មទទួលបានជោគជ័យ មិនខុសពីអ៊ឺរ៉ុប EU ចូលគ្នានោះទេ អាល្លឺម៉ង់ខាងលិច ខាងកើត បញ្ចូលគ្នាភ័យអីចឹងដែរ គេខ្លាចគម្លាតខ្លាំង អីចឹង គេមានកញ្ចប់សម្រាប់ជួយគ្នាឱ្យកើនឡើង អត់មានបាត់បង់ទៅណាទេ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ បន្ទាប់ពីឃើញក្រុមមួយចំនួនតូច បានលើកឡើងអំពី CLMV និងបានបន្តញុះញង់ឱ្យប្រជាពលរដ្ឋ ងើបប្រឆាំងគម្រោងនេះ ដើម្បីឱ្យរដ្ឋាភិបាលដកខ្លួនចេញពី CLMV ដូចគ្នានឹង CLV-DTA ដែរ ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ធ្លាប់បានបញ្ជាក់កាលពីឆ្នាំ២០១៩ ថា គោលដៅនៃកិច្ចសហប្រតិបត្តិការ CLMV គឺផ្ដោតអាទិភាពលើការពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅ នៅក្នុងប្រទេសនីមួយៗ ក៏ដូចជាបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក្នុងទិសដៅផ្សាភ្ជាប់សេដ្ឋកិច្ច និងប្រជាជន ឱ្យកាន់តែជិតស្និទ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ