អភិបាលខណ្ឌច្បារអំពៅ ដឹកនាំមន្ត្រីចុះពិនិត្យទីតាំងព្រែក ដើម្បីត្រៀមបង្ការំដោះទឹកជំនន់
(ភ្នំពេញ)៖ ស្របពេលដែលទឹកទន្លេមេគង្គ មានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យតំបន់មួយចំនួន នៅភាគខាងលើ នៃទន្លេមេគង្គ ទទួលរងនូវការជន់លិច ផ្ទះសម្បែងប្រជាពលរដ្ឋ ចំណែក នៅប៉ែកខាងក្រោម អាជ្ញាធរបាននិងកំពុងតែយកចិត្តទុកដាក់ចុះពិនិត្យមើលពីស្ថានភាពទឹកទន្លេមេគង្គជាប្រចាំដើម្បី ត្រៀមជួយសង្គ្រោះ ប្រជាពលរដ្ឋប្រសិនបើករណីមានការកើនឡើងជាគំហុក ។
ដោយឡែក នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងមួយចំនួន ដែលជាកន្លែង សម្រាប់រំដោះទឹក និងតំបន់ងាយរងគ្រោះដោយទឹកជំនន់ ។
ក្នុងការចុះពិនិត្យស្ថានភាពទូទៅ តាមព្រែក សម្រាប់រំដោះទឹកជំនន់ចេញពីភូមិប្រជាពលរដ្ឋនេះដែរ លោកអភិបាលបានដឹកនាំមន្ត្រីចុះទៅមើល ចំណុចព្រែកតាអែវ ដែលជាព្រែកដ៏មានសារៈសំខាន់សម្រាប់ រំដោះទឹក ចេញពីការជន់លិចលំនៅឋានប្រជាពលរដ្ឋចូលទៅអាងទឹកបឹងធំស្រុកកៀនស្វាយនឹងទៅពិនិត្យមើលព្រែកអ្នកតាវាំងនៅព្រំប្រទល់រវាងសង្កាត់ព្រែកថ្មី និងឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ព្រែកនេះ ក៏ជាព្រែកដ៍សំខាន់មួយ ក្នុងការរំដោះទឹក ជំនន់កំអោយជនលិចលង់ផ្ទះប្រជាពលរដ្ឋ ។
បន្ទាប់មកលោកអភិបាល បានចុះមកពិនិត្យពីស្ថានភាពទូទៅ នៃតំបន់ ទីក្រុងកោះនរា ដែលប៉ុន្មានថ្ងៃកន្លងមកនេះ ទឹកទន្លេមេគង្គ មានការកើនឡើង បណ្ដាលឲ្យលិចចំណុចខ្លះ នៃច្រាំងទន្លេតំបន់ទីក្រុងកោះនរា ។
ក្នុងការចុះពិនិត្យ តាមព្រែកនិងតំបន់ ដែលងាយរងគ្រោះ ដោយទឹកជំនន់នេះដែរ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំឲ្យមន្ត្រី ពាក់ព័ន្ធ ត្រូវសហការជាមួយអាជ្ញាធរសង្កាត់ ដើម្បីតាមដានជាប្រចាំ ពីស្ថានភាពទឹក និង ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ កុំយកសំរាមនិងកាកសំណល់ផ្សេងៗទៅបោះចោលក្នុងប្រព័ន្ធព្រែកប្រឡាយដែលជា ផ្លូវទឹកសម្រាប់រំដោះទឹកជំនន់ កុំឲ្យលិចភូមិនិងផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ៕
ដោយ វណ្ណលុក