សារមន្ទីរ Nintendo នឹងបើកនៅជប៉ុនដើមខែក្រោយ
តូក្យូ : ក្រុមហ៊ុន Nintendo របស់ប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបើកសារមន្ទីរដំបូងនៅដើមខែក្រោយនេះ បន្ទាប់ពីរង់ចាំអស់ពេលជាយូរ។
ក្រុមហ៊ុនផលិតហ្គេមដ៏ល្បីរបស់ជប៉ុន Nintendo គ្រោងបើកសម្ពោធសារមន្ទីរដំបូងនៅថ្ងៃទី២ ខែតុលាខាងមុខនេះ ក្នុងនោះមានវីដេអូហ្គេមបែបបុរាណ និងការបាញ់ប្រហារជាមួយតួអង្គ “Super Mario” ជាដើម។
សារមន្ទីរនៅតំបន់ Uji នៃទីក្រុង Kyoto នេះ មានទីតាំងនៅខាងក្នុងរោងចក្រចាស់មួយ ដែលបានជួសជុលឡើងវិញ ហើយត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៦៩។
ទីនេះជាកន្លែងដែលក្រុមហ៊ុនផលិតហ្គេម Nintendo បានចាប់ផ្តើមអាជីវកម្មបង្កើតហ្គេមកាសែតលេងកំសាន្តបែបលោកខាងលិច និងបែបជប៉ុន ហើយក្រោយមកបានប្តូរមកជាកុងសូល។
លោក Shigeru Miyamoto ដែលជាអ្នកបង្កើតហ្គេមដ៏ល្បីល្បាញ គឺ “Super Mario Bros” និងហ្គេមល្បីៗផ្សេងទៀត បាននិយាយថា សារមន្ទីរ Nintendo គឺជាកន្លែងដែលអ្នកទស្សនាអាចស្វែងយល់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Nintendo ក្នុងការផលិតហ្គេម ដែលផ្តល់សារៈសំខាន់លើការលេង និងប្រភពដើម។
សំបុត្រចូលទស្សនាសារមន្ទីរនេះ នៅក្នុងខែតុលា និងខែវិច្ឆិកា បានចាប់ផ្តើមដាក់លក់ហើយកាលពថ្ងៃអង្គារ ក្នុងតម្លៃ ៣,៣០០យ៉េន ឬ ២២.៦០ដុល្លារ សម្រាប់មនុស្សពេញវ័យ និងសម្រាប់កុមារមានតម្លៃទាបជាង។
ក្រុមហ៊ុន Nintendo បានចាប់ផ្តើមអាជីវកម្មផលិតហ្គេមដំបូងនៅឆ្នាំ ១៨៨៩ ក្នុងនាមជាអ្នកផលិតកាត “hanafuda” របស់ជប៉ុន ហើយបានបើកដំណើរការម៉ាស៊ីនវីដេអូហ្គេមដំបូងគេរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា ជា TV Game 15 និង TV Game 6 ក្នុងឆ្នាំ ១៩៧៧៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា