ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនៅស្រុកកំពង់សៀម
កំពង់ចាម៖ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំក្រុមការងារចម្រុះបន្តចុះពិនិត្យនិងបង្រ្កាបបទល្មើសនេសាទបានចំនួន៥ករណីនៅស្រុកកំពង់សៀម ខេត្តកំពង់ចាមក្នុងរដូវបិទនេសាទនិងទឹកកំពុងឡើងខ្លាំង ។
ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក្រុមការងារចម្រុះបានត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផលបានចំនួន៥ករណី នៅចំណុចជ្រោយអណ្តូង ឃុំរអាង , មុខវត្តល្ពាក ,រោងទា ឃុំស្រក និងចំណុចទំនប់ត្រីរ៉ស់ ឃុំរំចេក ស្រុកកំពង់សៀម។
ក្រុមការងារចម្រុះបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងរួមមាន ឧបករណ៍លូស្បៃមុងបានចំនួន ៧៦មាត់ របាំងស្បៃមុងប្រវែង ២ ២៨០ម៉ែត្រ , បង្កោលចម្រឹងចំនួន ១ ១៤០ដើម , ព្រមទាំងបានចាក់លែងកូនត្រីចម្រុះចំនួនប្រមាណ ជាង៣០០ គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញ។
ក្នុងឱកាសនេះឯកឧត្ដម ទឹមបូរក្សបានអំពាវនាវដល់ប្រជានេសាទសូមបញ្ឈប់ជាបន្ទាន់នូវការរកត្រីដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់។ប្រសិនជាសមត្ថកិច្ចស្រាវជ្រាវឃើញ នឹងបញ្ជូនទៅតុលាការផ្ដន្ទាទោសមិនខាន៕
ដោយ៖លី ពៅ